បន្ទាយមានជ័យ ៖ យុវជនម្នាក់ជិះម៉ូតូបណ្តើរម៉ូតូស្រីស្អាតត្រូវជនមិនស្គាល់មុខមួយក្រុមជិះតាមក្រោយចុះកាប់បណ្តាលឲ្យរបួសធ្ងន់ហើយគេចខ្លួនទៅបាត់។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១០យប់កាលថ្ងៃទី៣១ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវស្ថិតភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក។
លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកបានប្រាប់ថា ជនរងគ្រោះដែលត្រូវជនមិនស្គាល់មុខកាប់បណ្តាលរបួសធ្ងន់មានឈ្មោះ រឿន ស៊ីម៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក។
តាមសម្តីជនរងគ្រោះបានបញ្ជាក់ថា នៅពេលគ្រោះដែលជនសង្ស័យកាប់លើខ្លួនបណ្តាលរបួសធ្ងន់នោះ គឺគេជិះម៉ូតូ១គ្រឿងដើរលេងហើយប្រទះឃើញស្ត្រី២នាក់ជិះម៉ូតូ១គ្រឿងបានជិះបណ្តើររហូតតាមផ្លូវស្រាប់មានម៉ូតូ១គ្រឿងជិះមកដល់ពីក្រោយមិនដឹងគ្នាប៉ុន្មានអ្នកបានចុះមកកាប់មកលើខ្លួនបណ្តាលរបួសក្បាលផ្នែកខាងក្រោយ១កន្លែងនិងរបួស២កន្លែងផ្នែកក្បាលខាងមុខហើយដួលសន្លប់។
លោក យ៉ត សុផល បានបញ្ជាក់ថា ក្រោយពេលដែលទទួលព័ត៌មានបានដឹងកម្លាំងនគរបាលស្រុកភ្នំស្រុកចុះទៅពិនិត្យឃើញជនរងគ្រោះរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។ ដោយឡែកជនសង្ស័យដែលកាប់មកលើជនរងគ្រោះបណ្តាលរបួសធ្ងន់កំពុងស្រាវជ្រាវមុខសញ្ញាដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់ ៕