ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃបានឲ្យដឹងថានៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យដែលពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្សនៅខេត្តមណ្ឌលគិរីកំពុងសាកសួរនៅក្រសួងមហាផ្ទៃ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ផល ពេញ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ខ្លួនបាននៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះ។ ជនដៃដល់នេះ ត្រូវបានចាប់ខ្លួន នៅពេលកំពុងដូររថយន្តឈ្នួល ក្នុងស្រុកមេមត់ខណៈពេលកំពុងដូររថយន្ត ដើម្បីបន្តដំណើរគេចខ្លួនទៅស្រុកកំណើត ក្នុងខេត្តព្រៃវែង។ ជនដៃដល់ជាប៉ូលិសព្រំដែននេះ បានគេចខ្លួនតាមរថយន្ត ចេញពីស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។
ចំណែកលោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យនេះ ត្រូវបានចាប់ខ្លួន នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅចំណុចបេនឡានឈ្នួល។
កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ នគរបាលស្នងការខេត្តមណ្ឌលគិរីបានចាប់ខ្លួនមន្ត្រីយោធាឈ្មោះ កើត វេហា ដែលជាជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់ក្រុមដើរក្បាលការពារធនធានធម្មជាតិ ក្នុងស្រុកអូររាំង កាលព្រលប់ថ្ងៃទី៣០ ខែមករា។
ប្រភពដដែលបានបន្តទៀតថា នៅពេលនោះជនដៃដល់ជានគរបាលការពារព្រំដែនឈ្មោះ ផល ពេញ បានរត់គេចខ្លួន ដែលទីបំផុតបានឡើងជិះរថយន្តឈ្នួលក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីបន្តគេចខ្លួនមកស្រុកកំណើតនាខេត្តព្រែវែង ដោយឆ្លងកាត់ទីរួមស្រុកមេមត់ ប៉ុន្តែមិនអាចគេចខ្លួនបាន ព្រោះកម្លាំងចម្រុះបានពង្រាយបណ្ដាញសម្ងាត់សម្រាប់ចាប់ខ្លួននៅគ្រប់គោលដៅ។
នគរបាលជាន់ខ្ពស់ក្នុងខេត្តមណ្ឌលគិរីបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ កើត វេហា បានចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កាលវេលារង្វង់ម៉ោង៩យប់ ថ្ងៃទី៣១ ខែមករា ចំណែកឈ្មោះ ផល ពេញ កំពុងរត់គេចខ្លួននៅក្នុងព្រៃក្បែរចំណុចបាញ់ប្រហារ។
កាលពីរសៀលថ្ងៃទី៣១ ខែមករា កម្លាំងចម្រុះរបស់ខេត្តបានហៅជនសង្ស័យជាទាហាន២នាក់ និងជនស៊ីវិលម្នាក់ មកសាកសួរពាក់ព័ន្ធករណីបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថម្នាក់, មន្ត្រីបរិស្ថានម្នាក់ និងបុគ្គលិកអង្គការអភិរក្សសត្វព្រៃម្នាក់ ក្នុងព្រៃជ្រៅជាប់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីព្រលប់ថ្ងៃទី៣០ ខែមករា។
ប្រភពដដែលបានបញ្ជាក់ថា ទាហាន២នាក់ និងជនស៊ីវិលម្នាក់ ដែលត្រូវបានមកសាកសួរនៅក្នុងស្នងការខេត្ត មិនត្រូវបានទម្លាយអត្តសញ្ញាណទេ ដោយសារកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតដើម្បីស្វែងរកជនដៃដល់ផ្សេងទៀត។ ប៉ុន្តែមកដល់ពេលព្រលប់នេះ ពួកគេទាំង៣នាក់មិនទាន់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនៅឡើយទេ។
មន្ត្រីទាំង៣នាក់នេះ បានធ្វើសកម្មភាពបាញ់ប្រហារយ៉ាងសាហាវមកលើក្រុមដើរល្បាតបង្ក្រាបបទល្មើសព្រៃ នៅក្នុងតំបន់ព្រៃការពារ ក្នុងខេត្តមណ្ឌលគិរី នៅវេលាម៉ោងចន្លោះ ៤-៥ ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នេះថា មានឈ្មោះ ផល ពេញ ជាមន្ត្រីនគរបាលការពារព្រំដែន និងឈ្មោះ កើត វេហា និងឈ្មោះ ងួ ជាមន្ត្រីយោធាការពារព្រំដែន។
បុរសដែលស្លាប់ទាំង៣នាក់ គឺជាអ្នកធ្វើការឲ្យគម្រោងអង្គការអភិរក្សសត្វព្រៃ Wildlife Coservative Society (WCS) មានឈ្មោះ តើន សុខណៃ ជាមន្ត្រីបរិស្ថានខេត្ត, ឈ្មោះ វឌ្ឍនា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំណែកជនរងគ្រោះម្នាក់ទៀត ដែលស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ឈ្មោះ ថុល ខ្នា ជាអ្នកធ្វើការឲ្យអង្គការអភិរក្សសត្វព្រៃ និងជាអ្នកនាំផ្លូវដើរល្បាត។
របាយការណ៍របស់ស្នងការនគរបាលខេត្តមណ្ឌលគិរី រាយការណ៍ជូននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា ករណីបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថម្នាក់ មន្ត្រីបរិស្ថាន និងបុគ្គលិកអង្គការការពារសត្វព្រៃម្នាក់ នៅក្នុងខេត្តមណ្ឌលគិរី កាលព្រលប់ថ្ងៃទី៣០ ខែមករា គឺបង្កឡើងដោយមន្ត្រីនគរបាល និងទាហានការពារព្រំដែន៣នាក់ ឈរជើងនៅតាមព្រំដែនកម្ពុជា-វៀតណាម ហើយជាអ្នកការពារក្រុមជនជាតិវៀតណាមកាប់ឈើខុសច្បាប់នៅក្នុងតំបន់អូររលែ ជាប់តំបន់អូរហ៊ុច ដែលសម្បូរបទល្មើសព្រៃឈើ។
មូលហេតុនៃការបាញ់ប្រហារនេះ កើតឡើងដោយសារពួកគេទាំង៣នាក់ បានចាប់ម៉ូតូដឹកឈើរបស់ជនជាតិវៀតណាមចំនួន ៨គ្រឿង រណាយន្ត និងថតទុកជាវត្ថុតាង នៅតាមព្រំដែន ត្រង់ចំណុចអូររលែ ជិតតំបន់អូរហ៊ុច ក្នុងខេត្តមណ្ឌលគិរី។
សូមរំឭកថា ករណីបាញ់សម្លាប់មន្ត្រីប៉េអឹម មន្ត្រីក្រសួងបរិស្ថាន និងបុគ្គលិកអង្គការបរិស្ថាន WCS សរុប ៣នាក់ កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ត្រូវបានប៉ូលិសខេត្តមណ្ឌលគិរី រាយការណ៍ជូននាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិថា ករណីផ្ទុះអាវុធ នៅព្រំដែនខេត្តមណ្ឌលគិរី កើតឡើង នៅវេលាម៉ោងចន្លោះ ៤-៥ ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចចម្ងាយប្រមាណជា ២៥គីឡូម៉ែត្រពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ករណីផ្ទុះអាវុធនេះ បង្កឡើងដោយឈ្មោះ ផល ពេញ ជាមន្ត្រីនគរបាលការពារព្រំដែន និងឈ្មោះ កើត វេហា និងឈ្មោះ ងួ ជាមន្ត្រីយោធាការពារព្រំដែន។
របាយការណ៍បឋមរបស់ប៉ូលិសខេត្តមណ្ឌលគិរីដដែល បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ នេត សាវឿន ថា មូលហេតុ ចុះចាប់ម៉ូតូដឹកឈើ ជនជាតិវៀតណាម ចំនួន០៨គ្រឿង មនុស្ស រណាយន្ត និងថតទុកជាវត្ថុតាង។ ស្រាប់តែពេលនោះ លេចចេញខ្មាន់កាំភ្លើងបាញ់ប្រហារមកលើមន្ត្រីទាំងបីនាក់ស្លាប់យ៉ាងអាណោចអាធ័ម ០២នាក់ ម្នាក់ទៀត ស្លាប់ពេលមកដល់មន្ទីរពេទ្យ ៕