បាត់ដំបង ៖ យុវជនដ៏ក្មេងខ្ចីម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីយុវជនរូបនេះ បានបើកបរម៉ូតូក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រុលនៅពេលដែលយកចង្កូតមកវិញមិនទាន់លើកំណាត់ផ្លូវកោង បណ្តាលអោយបុកនឹងគោយន្តកន្ត្រៃ ដួលដេកស្លាបភ្លាមមួយរំពេច ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥ និង១៥នាទីល្ងាច ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុច អូរបទ ក្នុងភូមិព្រៃអម្ពាន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង រវាងម៉ូតូ និងគោយន្តកន្ត្រៃ ក្នុងទិសដៅច្រាស់គ្នា ដែលបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសស្រាល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុគឺមានយុវជនដ៏ក្មេងខ្ចីម្នាក់ ឈ្មោះ សិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រលាយ១៨ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី បានបើកបរម៉ូតូយ៉ាងលឿន លុះមកដល់ត្រង់ចំណុចខាងលើដែលជាកំណាត់ផ្លូវកោង ក៏បានជ្រុលចង្កូតទៅបុកនឹងគោយន្តកន្ត្រៃ ដែលកំពុងបើកបរមកពីមុខ បណ្តាលអោយអ្នកបើកបរម៉ូតូរូបនោះ ធ្លាក់ចេញពីម៉ូតូចូលទៅក្រោមកង់គោយន្តនោះតែម្តង បណ្តាលអោយគោយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ដោយឡែកអ្នកបើកបរគោយន្តឈ្មោះសួង ប្រូច ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរុន ឃុំរបស់មង្គល មោងឫស្សី របួសស្រាលជាមួយនឹងអ្នករួមដំណើរម្នាក់ឈ្មោះ ងិន ភេទប្រុស អាយុ២៧ឆ្នាំ ក៏រងរបួសដែរ ដោយបច្ចុប្បន្ន សព ត្រូវបាន ឪពុក ម្តាយ នាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ រីឯ គោយន្ត និងម៉ូតូ ក៏ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយជាក្រោយ ៕