ភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ ក្រោយពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនជាតិចិនរួចមក តែសំណាងអាក្រក់ជិះរត់មិនរួច ជាប់ដៃកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកង១ បានធ្វើការឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ២៨២ ភូមិ៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ២នាក់ខាងលើ ទី១-ឈ្មោះ ទ្រី ចាន់ដារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាអ្នកបើកម៉ូតូ) ស្នាក់នៅផ្ទះលេខ៥៣Eo ផ្លូវលេខ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន និងទី២-ឈ្មោះ ឡឹក ប៊ុនណា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (អ្នកឆក់ទូរស័ព្ទដៃ) ស្នាក់នៅផ្ទះលេខ១២Eo ផ្លូវលេខ៥៩ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឈិ សៅស៊ាន់ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរ ភ្ញៀវទេសចរណ៍ ស្នាក់នៅសណ្ឋាគារ Prndan ផ្លូវលេខ២៨២ ភូមិ៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាជនជាតិចិនប្រហែលជា ៤ទៅ៥នាក់បាននាំគ្នាឡើងជិះម៉ូតូកង់បី ភ្លាមៗនោះ ម្ចាស់ម៉ូតូកង់បីបាននិយាយប្រាប់បុរសដែលជាជនជាតិចិននោះថា ប្រយ័ត្នចោរឆក់ទូរស័ព្ទដៃ ខណៈពេលនោះ ស្រាប់តែមានជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក និត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CS-3165 បានជិះមកជិតរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ មួយគ្រឿង ម៉ាក់ Huawei របស់ជនជាតិចិននោះ។ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់បុរសជនជាតិចិនបានរួចមក តែសំណាងអាក្រក់ក៏ជួបជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកង១ ដែលកំពុងជិះល្បាតនៅជិតនោះ បានចេញអន្តរាគមន៍ជិះដេញតាមជនសង្ស័យទាំង ២នាក់ខាងលើរហូតឈានដល់ការឃាត់ខ្លួនបាននៅចំណុចផ្លូវលេខ៦៣កែងផ្លូវលេខ២៨២។
ក្រោយមក សមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំង ២នាក់ខាងលើមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ដើម្បីធ្វើការសាកសួរ។ ចំណែកឯសំភារៈដែលដកហូតពីជនសង្ស័យខាងលើនោះ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃជូនទៅជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវសមត្ថកិច្ចប៉ុស្តិ៍បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕