ថ្នាំ​ញៀន​៦​កញ្ចប់​ធំ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើរ​ឆែកឆេរ​រក​ឃើញ​ក្នុង​បាស់​ដែល​ជនសង្ស័យ​បាន​លាក់​ទុក​មុន​ពេល​ចាប់ខ្លួន​

05-February-2018 | ដោយ ពលមនសិការ

​កណ្ដាល​ ៖​ នគរបាល​ស្រុក​អង្គស្នួល​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ ដោយ​មានការ​ឯកភាព​ពី​លោក​ឧត្ដមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៦​កញ្ចប់​ធំ​ ដែល​ជនសង្ស័យ​ឈ្មោះ​ ចាន់​ ចិត្ដ​ កំពុង​ជាប់​ក្នុង​ពន្ធនាគារ​បាន​លាក់​ទុក​ក្នុង​ធុងបាស់​ មុន​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ ត្រង់​ចំណុច​ផ្ទះ​ជួល​ ស្ថិត​ក្នុងភូមិ​ព្រៃ​សំរោង​ ឃុំ​ដំណាក់​អំពិល​ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ ។​ ករណី​ស្រាវជ្រាវ​ឆែកឆេរ​ខាងលើ​នេះ​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​ និង​៣០​នាទី​ ត្រង់​ចំណុច​ផ្ទះ​ជនសង្ស័យ​ ស្ថិត​ក្នុងភូមិ​ទួល​សេរី​ ឃុំ​ទួល​ព្រេ​ជ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​

​លោក​វរសេនីយ៍ឯក​ មាន​ សំណាង​ អធិការ​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​មានឈ្មោះ​ ចាន់​ ចិត្ដ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ទួល​សេរី​ ឃុំ​ទួល​ព្រេ​ជ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​ ក្នុង​ប្រតិបត្ដិការ​ឆែកឆេរ​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់​ធំ​ ស្មើ​និង​ទម្ងន់​ ២៩៩,០៥​ក្រាម​ បន្ថែម​ទៀត​ ដែល​មាន​តម្លៃ​៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ទូរស័ព្ទ​ដៃ​២​គ្រឿង​ផង​ដែរ​ ។​

​គួ​រំ​ឮ​ក​ផង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៨​ ជនសង្ស័យ​ឈ្មោះ​ ចាន់​ ចិត្ដ​ ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​អង្គស្នួល​ធ្វើការ​ចាប់ខ្លួន​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដែល​ប្រព្រឹត្ដ​ត្រង់​ចំណុច​ផ្ទះ​ជួល​ ស្ថិត​ក្នុង​ព្រៃ​សំរោង​ ឃុំ​ដំណាក់​អំពិល​ ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​ ។​ ក្រោយ​ពេល​ចាប់ខ្លួន​បាន​ ជនសង្ស័យ​ខាងលើ​នេះ​ ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ធ្វើការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ។​ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​ និង​៣០​នាទី​ លោក​សមត្ថកិច្ច​ផ្នែក​ប្រឆាំង​គ្រឿង​បាន​ទទួល​ព័ត៌មាន​ច្បាស់​ថា​ ជនសង្ស័យ​ខាងលើ​បាន​លាក់​ទុក​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​មួយ​ចំនួន​ធំ​នៅ​ក្នុង​ធុងបាស់​ តម្លៃ​ប្រហែល​៥​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ផង​ដែរ​ ។​

​លោក​អធិការ​បាន​បន្ដ​ទៀត​ថា​ក្រោយ​ពី​ទទួល​បាន​ព័​ត៌​ភ្លាម​ លោក​បាន​សុំ​ការ​អនុញ្ញាតិ​ពី​លោក​ឧត្ដមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ដ​ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ ឲ្យ​កម្លាំង​ជំនាញ​ស្រុក​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ចុះ​ទៅ​ស្រាវជ្រាវ​ ស្វែងរក​រហូត​ឃើញ​ធុងបាស់​របស់​ជនសង្ស័យ​ដែល​យក​ថ្នាំ​ញៀន​ទៅ​លាក់​នោះ​ រួច​ធ្វើការ​ដោះ​បំបែក​ធុងបាស់​នោះ​ បានឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​ទំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​ ចំនួន​៦​កញ្ចប់​ធំ​ មាន​ទម្ងន់​ ២៩៩,០៥​ក្រាម​ បន្ថែម​ទៀត​ពិតប្រាកដ​មែន​ ។​ ចំពោះ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៦​កញ្ចប់​ធំ​ខាងលើ​ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​ បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

 

ចំនួនអ្នកទស្សនា

    20637677

  • ថ្ងៃនេះ621
  • ម្សិលមិញ12921
  • សប្តាហ៍នេះ621
  • ខែនេះ195221
  • ឆ្នាំនេះ195221
  • សរុប20637677