បន្ទាយមានជ័យ ៖ មន្ត្រីចម្រុះចុះពិនិត្យរកទំនិញដែលហាមឃាត់នាំចូលពីប្រទេសជិតខាងដែលគេរកឃើញនូវសារធាតុបង្កគ្រោះថ្នាក់មួយចំនួនដែលចុះពិនិត្យនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្សារត្រី សង្កាត់/ក្រុងប៉ោយប៉ែត។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដែលទើបឡើងកាន់ដំណែង បានប្រាប់ថា ក្រោយមានការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ហើយមន្ត្រីសាខា កាំកុងត្រូលខេត្តបន្ទាយមានជ័យសហការនិងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្តប្រមាណជាង១០នាក់។
លោកបានបញ្ជាក់ថា មន្ត្រីចម្រុះដែលចុះពិនិត្យទីផ្សារដែលមានផលិតផលសណ្តែកដី ត្រី ផលិតផលពីត្រី និងខ្ទឹមសដែលនាំចូលពីប្រទេសភូមា ឡាវ ឥណ្ឌូនេស៊ី ប្រទេសចិនដែលនាំចូលពីប្រទេសថៃ។ ហើយអា ជ្ញាធរថៃបានផ្សព្វផ្សាយសេចក្តីជូនដំណឹងជាបន្ទាន់សម្រាប់ម្ហូប អាហារមនុស្ស និងសត្វរបស់អាស៊ាន (ARASFF) អំពីការរកឃើញនូវសាធារតុបង្កគ្រោះមួយចំនួនលើទំនិញសណ្តែកដី ដែលនាំចូលពីប្រទេស ភូមា និងប្រទេសឡាវ ហើយត្រីផលិតពីត្រីដែលនាំចូលពីប្រទេសឥណ្ឌូនេស៊ី និងខ្ទឹមសនាំចូលពីប្រទេស ចិន។ ហើយផលិតផលទាំងនេះត្រូវបានក្រុមហ៊ុននាំចូលប្រមូលត្រឡប់ទៅវិញ។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ជុំវិញបញ្ហានេះដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលប៉ះពាល់សុខភាព ប្រជាពលរដ្ឋជាយថាហេតុអគ្គនាយកដ្ឋានកាំកុងត្រូលបានណែនាំមន្ត្រីចម្រុះបានចុះពិនិត្យផ្សារត្រីក្រុងប៉ោយប៉ែតធ្វើតេស្តលើមុខទំនិញដែលសង្ស័យរកមិនឃើញ តែមន្ត្រីជំនាញបានដកហូតបានទំនិញខូចគុណ ភាពនិងហួសកាបរិច្ឆេទមួយចំនួននិងគ្មានស្លាកសញ្ញាច្បាស់លាស់ហើយណែនាំដល់អាជីវករអោយបញ្ឈប់លក់ទំនិញដែលហាមឃាត់ប៉ះពាល់សុខភាពប្រជាពលរដ្ឋបរិភោគ ៕