ភ្នំពេញ ៖ កម្លាំងជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីទទួលផលចោរកម្ម(ទិញម៉ូតូ ជារបស់ចោរ) នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យឈ្មោះ ស៊ាន ពិសី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាជាងជួសជុលរថយន្ត ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការការឃាត់ខ្លួន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៧និង០៥នាទី នៅចំណុចផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថាមុនពេលឃាត់ខ្លួន ជនសង្ស័យ ខាងលើ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ហ៊ុន វ៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ និង ឈ្មោះ សេង ស្រីលន់ ភេទស្រី អាយុ ២២ឆ្នាំ បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវ និងឆេកឆេរ លើផ្ទះជនសង្ស័យ ខាងលើ និងបានដកហូតបាន ម៉ូតូ ០៣គ្រឿង ដែលរូបគេបានទទួលទិញពីក្រុមចោរ ក្នុងនោះ ០២គ្រឿង បានប្រគល់ជូនទៅម្ចាស់ដើមវិញ មាន ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GF-6759, ០១គ្រឿងទៀតម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1K-7211 ចំណែក ០១គ្រឿង ទៀត ម៉ាក ហុងដាគុប ពណ៍ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 1A-7443 សមត្ថកិច្ចអាវុធហត្ថកំពុងទាក់ទងរកម្ចាស់ ដើម្បីប្រគល់ជូនវិញ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ខាងលើ យកមកសួរនាំ រូបគេបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងថា រាល់ថ្ងៃរូបគេមានមុខរបរ ជាជាងជួសជុលរថយន្ត នៅយានដ្ឋានយីហោ សេង រស្មី ក្នុងសង្កាត់បឹង ទំពុន ខណ្ឌមានជ័យ ហើយរូបគេក៏ជាបក្សពួកក្រុមចោរ នឹងតែងតែទទួលទិញម៉ូតូពីពួក ចោរ ដែលយកមក លក់ឲ្យរូបខ្លួនផងដែរ។ រូបគេស្គាល់បុរស ០២នាក់ ដែលជាចោរ និងតែងតែយកម៉ូតូមកលក់ឲ្យរូបខ្លួនមាន ឈ្មោះ ចាន នឹងឈ្មោះ ជ្រូក(បច្ចុប្បន្នសមត្ថកិច្ចចាប់ខ្លួន) តាមរយៈឪពុករបស់ខ្លួន ឈ្មោះ មល់ កុសល ហើយឪពុករបស់ខ្លួន ក៏តែងតែទទួលទិញម៉ូតូពីក្រុមចោរទាំង ០២នាក់ នេះដែរ ហើយ ក្នុង ០១ខែ រូបគេបា នទទួលទិញម៉ូតូពីក្រុម ចោរ ចំនួនប្រហែល ០៥គ្រឿង ភាគច្រើនជាម៉ូតូម៉ាក ហុងដា ដោយទទួល ទិញក្នុង តម្លៃថោកៗ ក្នុង ០១គ្រឿង តម្លៃ ៦៧០ដុល្លារអាមេរិក និងលក់វិញបានតម្លៃ ៨០០ដុល្លារអាមេរិក ហើយ រូបគេ និងក្រុមចោរ តែងតែទាក់ទងគ្នា តាមប្រព័ន្ធលេខទូរស័ព្ទ ហើយម៉ូតូដែលរូបគេទិញពីក្រុមចោរបាន គឺយកទៅលក់បន្តឲ្យបុរស ០២នាក់ ទៀត មិនស្គាល់ឈ្មោះ នៅខេត្តតាកែវ និងខេត្តកំពងស្ពឺ។
រូបគេបានបន្តឲ្យដឹងទៀតថា រហូតមកដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១ព្រឹក ខ្លួនបានទទួលទិញម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1K-7211 ពីឈ្មោះ ចាន នៅស្ពានអាកាសក្បាលថ្នល់ ក្នុងតំលៃ ៦៨០ដុល្លា អាមេរិក លុះដល់វេលាម៉ោង១៩និង៥០ នាទី ថ្ងៃដដែល ខ្លួនបានទិញ ម៉ូតូ ០១គ្រឿង ទៀត ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GF-6759 ពីឈ្មោះ ចាន ដដែល នៅម្តុំស្ពានដែលចំការដូង ក្នុងតម្លៃ ៧២០ដុល្លារអាមេរិក ហើយយក ម៉ូតូមកទុកនៅផ្ទះរបស់ខ្លួន បន្ទាប់មកក៏មានសមត្ថកិច្ចអាវុធហត្ថមកឃាត់រូបខ្លួនតែម្តង ៕