អ្នក​ភូមិ​បង្កោង​នាំ​គ្នា​រក​ត្រី​ទុក​សម្រាប់​ឡើង​មាឃ​

06-February-2018 | ដោយ ពលមនសិការ

សៀមរាប​ ៖​ ជា​រៀង​រាល់​ឆ្នាំ​អ្នក​ភូមិ​បង្កោង​ ឃុំ​អំពិល​ ស្រុក​ប្រាសាទបាគង​ តែងតែ​នាំ​គ្នា​ចុះ​រក​ត្រី​ក្នុង​ត្រពាំង​បង្កោង​ដើម្បី​ត្រៀម​ទុក​ធ្វើ​នំ​បញ្ចុក​ឡើង​មាឃ​ក្នុងភូមិ​របស់​ពួក​គាត់​។​ ពិធី​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ នេះ​ដោយ​មាន​ចាក់​មេក្រូ​បំពង​សម្លេង​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ​។​

​លោក​ លោក​ព្រាន​ ប្រប​ មេឃុំ​អំពិល​បាន​ឲ្យ​ដឹង​ថា​ ត្រពាំង​បឹង​ត្រូវ​បាន​អ្នក​ភូមិ​ការពារ​មិន​ឲ្យ​មានការ​នេសាទ​ រហូត​ដល់​វេលា​មួយ​ដែល​កំណត់​ដើម្បី​ចុះ​រក​ត្រី​។​ លោក​បន្ត​ថា​ ពិធី​រក​ត្រី​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ដើមខែ​មាឃ​ ដើម្បី​ត្រៀម​ឡើង​មាឃ​របស់​អ្នក​ភូមិ​។​

​លោក​បន្ថែម​ថា​ ការ​រក​ត្រី​រួម​គ្នា​នេះ​គឺ​ចាប់​ធ្វើ​ពី​ថ្ងៃ​១​កើត​ ខែមាឃ​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​អ្នក​ភូមិ​ត្រៀម​ធ្វើ​នំ​ និង​ថ្ងៃ​៣​កើត​ត្រូវធ្វើ​ពិធី​ឆ្លង​។​ លោក​ថា​នេះ​គឺជា​ប្រពៃណី​ដែល​អ្នក​ភូមិ​បានដឹង​ឮ​ និង​ធ្វើ​ជា​រហូត​មក​ដល់​សព្វថ្ងៃ​។​

​ពិធី​ចុះ​រក​ត្រី​នេះ​ គឺ​អ្នក​ភូមិ​បង្កោង​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​បុរាណ​ ដែល​មាន​ដូច​ជា​សំណាញ់​ និង​អង្រុត​ ហើយ​មាន​ចាក់​មេក្រូ​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​មួយ​នេះ​ ឲ្យ​កាន់តែ​សប្បាយ​រីករាយ​ផង​ដែរ​។​

​ការ​រក​ត្រី​ ធ្វើ​ឡើង​ទៅ​តាម​គ្រួសារ​នីមួយៗ​ ហើយ​ត្រី​ដែល​រកបាន​ ខ្លះ​ចំអិន​ហូប​នៅ​នឹង​កន្លែង​ ដោយ​ត្រូវ​ទុក​ខ្លះ​សម្រាប់​ធ្វើ​សម្ល​នំ​បញ្ចុក​ ទុក​ដល់​ថ្ងៃ​ឆ្លង​មាឃ​។​ អ្នក​ភូមិ​អាច​ហូប​នំ​បញ្ចុក​នៅ​តាម​ផ្ទះ​រៀងខ្លួនៗ​ឬ​ក៏​អាច​ហូប​រួម​ដែល​គេ​ធ្វើ​នៅ​សាលាឆទាន​ក្នុងភូមិ​បង្កោង​តែ​ម្តង​៕​

ចំនួនអ្នកទស្សនា

    20637027

  • ថ្ងៃនេះ12901
  • ម្សិលមិញ10851
  • សប្តាហ៍នេះ79421
  • ខែនេះ194571
  • ឆ្នាំនេះ194571
  • សរុប20637027