បន្ទាយមានជ័យ ៖ យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៧ សាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ដែលអនុវត្តការងារលើការប្រមូលពន្ធនិងការបង្ក្រាបបទល្មើសគេចពន្ធក្នុងខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៧ រកចំណូលបានចំនួន៩៣៩,៤៧២លានរៀល ស្មើនិង១១៤,៦៤%នៃផែនការ។
មន្ត្រីគយនិងរដ្ឋាករធ្វើការត្រួតពិនិត្យនិងប្រមូលពន្ធពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតរកចំណូលបានចំនួន៩០៤,៥២១លានរៀល, ច្រកតំបន់ព្រំដែនម៉ាឡៃ ស្រុកម៉ាឡៃ រកចំណូលបានចំនួន២២,៥៩៧លានរៀល, ច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួក រកចំណូលបានចំនួន៤៥,៣៥៥លានរៀល។
លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យបានលើកឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានការិយាល័យគយនិងរដ្ឋាករបឹងត្រកួនថា មន្ត្រីគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ និងខិតខំការប្រមូលពន្ធជូនរដ្ឋឱ្យបានតាមផែនការដើម្បីអនុវត្តន៍គោលការរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើននៅកម្ពុជា ៕