បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងចំណោមអ្នករបួសចំនួន៣នាក់ ខណៈដែលពួគគេកំពុងបើកបរម៉ូតូសុខៗ ស្រាប់តែមានការប៉ះគ្នាជាមួយនឹងរថយន្តដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលអោយភាគីម៉ូតូទាំង៣នាក់ ដួលបោកនឹងថ្នល់ដេកដួលរដូករណែល ។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នៅវេលាម៉ោង៩និង ៤០ នាទី យប់ ត្រង់ចំណុចភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង រវាងម៉ូតូ និងរថយន្តច្នៃ ក្នុងទិសដៅច្រាសទិសគ្នា ដែលបង្កអោយ មានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ។
តាមការអះអាងពីប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា ករណីនេះបានបង្ករឡើង ដោយ ម៉ូតូ ម៉ាកDream ពណ៌ ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1Q-2571 បើកបរដោយឈ្មោះ អិន ចំរើន ភេទប្រុស អាយុ២៥ ឆ្នាំ និងអ្នករួមដំណើរចំនួន២នាក់ទៀត ដែលមានឈ្មោះ វៀង ថានីម ភេទប្រុស អាយុ១៥ ឆ្នាំ និងឈ្មោះ ចាន់ គឹម លៀង ភេទប្រុស អ្នក ទាំង៣ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅពេលដែលម៉ូតូបានបើកបរមក ដល់ត្រង់ចំណុចកើតហេតុ ខាងលើ ក៏ស្រាប់តែបានរេចង្កូតបុកជាមួយនឹង រថយន្តច្នៃ (គ្មានស្លាកលេខ) ដែលបើកបរដោយឈ្មោះ អិត រដ្ឋ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ ភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្ត បាត់ដំបង មុខរបរ អាជីវករ ដែលបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗចំណែកអ្នករួមដំណើរក៏រងរបួសយ៉ាងធ្ងន់ធ្ងរដែរ ដោយបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសពក៏បានប្រគល់ជូនគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ក្នុងនោះដែរ សមត្ថកិច្ចក៏បាននាំយករថយន្ដ និងម៉ូតូ បង្ករទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក ជាបណ្តោះអាសន្ន ៕