ឧត្តរមានជ័យ ៖ ជីវិតមួយគ្រួសារ មានម្ដាយ នឹងកូនស្រី២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម គរលើគ្នានៅក្នុងគំនរផេះ ក្នុងករណីអគ្គិភ័យឆាបឆេះតូបលក់អីវ៉ាន់ចាបហួយមួយកន្លែង ស្ថិតនៅទល់មុខសាលាឃុំអូរស្វាយ ក្នុងភូមិសែនសំ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ។
ហេតុការណ៍នេះ បានធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលជាអ្នកខាង នៅអំឡុងវេលាម៉ោង ១យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ខណដែលភ្លើងកំពុងតែឆាប់ឆេះយ៉ាងសណ្ធោសណ្ធៅដែលហេតុមិនអាចជួយសង្គ្រោះជនរងគ្រោះបាន។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យបានបំផ្លាញផ្ទះលក់អីវ៉ាន់ចាបហួយមួយខ្នង មានទំហំ៥គុណនឹង៧ម៉ែត្រ និងសំយ៉ាប់មុខផ្ទះចំនួន៣ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី និងចាក់សាបបេតុងក្រោម។
សមត្ថកិច្ចបន្តថា មនុស្ស ៣នាក់ ដែលជាប់នៅក្នុងបន្ទប់ដេកបានស្លាប់គរលើគ្នាទី១-ឈ្មោះ ហង្ស ហូវ ភេទស្រី អាយុ៤២ឆ្នាំ ជាម្តាយ ទី២-ឈ្មោះ ចាន់ ស្រីនុត ភេទស្រីអាយុ១៣ឆ្នាំ កូន និងទី៣-ឈ្មោះ ចាន់ លីតា ភេទស្រី អាយុ៧ឆ្នាំ។
អគ្គិភ័យឆាប់ឆេះតូបលក់អីវ៉ាន់ហួយខាងលើ សមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយនៅក្នុងផ្ទះជនរងគ្រោះមានលក់ហ្គាស សាំង និងសម្ភារៈលក់ដូរមានជាតិជ័រ និងថង់ប្លាស្ទិចពេញក្នុងផ្ទះ ទើបបណ្តាលអោយភ្លើងឆាប់ឆេះយ៉ាងលឿន ដែលអ្នកភូមិ និងសមត្ថកិច្ច ជួយអន្តរាគមន៍ ដងទឹក និងបាញ់ទឹកពន្លត់តែមិនអាចជួយសង្គ្រោះបាន។
តាមការរៀបរាប់ពីឈ្មោះ ចាន់ សារ៉ុម ភេទប្រុស អាយុ៤៨ឆ្នាំ ដែលត្រូវជាប្តី បានឲ្យដឹងថា នៅយប់កើតហេតុ ខ្លួនជាប់រវល់ធ្វើការនៅបន្ទាយកងពលលេខ៨ នៅខេត្តព្រះវិហារ ហើយទ្រព្យសម្បត្តិដែលបាត់បង់សរុបប្រហែល៤៥០០០ដុល្លារ ៕