ពោធិ៍សាត់ ៖ គ្រាប់៦០មីល្លីម៉ែត្រចំនួន១៤១គ្រាប់ ត្រូវបានត្រាក់ទ័រឈូសឆាយដីប្រទះឃើញនៅក្នុងសាលាអនុវិទ្យាល័យក្ងាននៅកប់ក្នុងដី កាលពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិឈើទាល ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
លោកអធិការនគរបាលស្រុកកណ្តៀង វរសេនីយ៍ទោ លីវ សេងហ៊ីម បានប្រាប់ឲ្យដឹងថា គ្រាប់ធុន៦០មីល្លីម៉ែត្រចំនួន១៤១គ្រាប់គឺសមត្ថកិច្ចទទួលបានព័ត៌មានពីលោកគ្រូ អ្នកគ្រូសាលាអនុវិទ្យាល័យក្ងានខណៈពេលដែលត្រាក់ទ័រឈូសដីក្នុងបរិវេនសាលាក៏តែប្រទះឃើញគ្រាប់កប់ដីរយៈពេលពីថ្ងៃជាប់គ្នាៗ ហើយផ្តល់ព័ត៌មានមកសមត្ថកិច្ច ។ ក្រោយពីទទួលព័ត៌មានពីលោកគ្រូអ្នកគ្រូ សមត្ថកិច្ចបានសហការជាមួយអង្គការហេឡូត្រាស់ដើម្បីចុះប្រមូលគ្រាប់បានជាបន្តបន្ទាប់។
បើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សុខ ឆុន នាយការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា គ្រាប់ដែលសមត្ថកិច្ចនគរបាលសហការជាមួយអង្គការហេឡូត្រាស់ ចុះប្រមូលបានខាងលើគឺជាគ្រាប់ដែលសេសសល់ពីសម័យសង្គ្រាម ហើយប្រគល់ជូនអង្គការហេឡូត្រាស់យកទៅកំទេចចោលនៅខាងលិចសាលាអនុវិទ្យាល័យក្ងានមានចម្ងាយ៧០០ម៉ែត្រ ចំនួន៨៩គ្រាប់ នៅសល់ ៥២ គ្រាប់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង និងកំទេចនៅពេលក្រោយ ។ សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្ស ក្នុងករណីប្រទះឃើញអាវុធយុទ្ធភ័ណ្ឌឬគ្រាប់មិនទាន់ផ្ទុះ ត្រូវផ្តល់ព័ត៌មានមកសមត្ថកិច្ចជាបន្ទាន់ ហាមប៉ះពាល់ឬនៅក្បែរជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕