សៀមរាប ៖ រថយន្តដឹកដីបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកនឹងម៉ូតូក្នុងទិសដៅស្របទិសគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់និងរបួស២នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ។រីឯអ្នកបើកបររយ់គេចខ្លួនបាត់។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹកនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងចំណុចភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺកើតឡើងរវាងរថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ SR-0119 និង ម៉ូតូម៉ាកHONDA ពណ៌ខ្មៅ សេរី2014 ពាក់ស្លាកលេខសៀមរាប 1R-9603 ជិះគ្នា៣នាក់ ដែលបើកបរស្របទិសគ្នា ធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតបានរងរបួស។ សមត្ថកិច្ចបន្តថាមូលហេតុនេះ បណ្តាលមកពីរថយន្តបើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។
ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ រួមមាន ទី១- ឈ្មោះ ចយ ខាត់ ភេទប្រុស អាយុ៥៨ឆ្នាំ ជាអ្នកបើកបរម៉ូតូ រស់នៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី បានរងរបួសធ្ងន់, និងទី២-ឈ្មោះ ឡែម យឿម ភេទស្រី អាយុ៦១ឆ្នាំ អ្នកជិះម៉ូតូ រស់នៅភូមិរុនតាឯក បានស្លាប់ និងទី៣-ឈ្មោះ អែប តែម ភេទស្រី អាយុ៥២ឆ្នាំ អ្នកជិះម៉ូតូ រស់នៅភូមិរុនតាឯក បានរបួសស្រាល ហើយជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមេគង្គ ក្នុងក្រុងសៀមរាប ។
ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញ យករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងរៀបចំសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕