ពោធិ៍សាត់ ៖ ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ និងលោក សូ សាហុង អភិបាលស្រុកភ្នំក្រវាញ និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ស្នងការរង លោកមេបញ្ជាការសឹករងស្រុកនិងលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក និងមន្ត្រីនគរបាលអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញជាច្រើនរូបទៀត។ លោកវរសេនីយ៍ឯក ប្រាក់ ណារិន នាយការិយាល័យបុគ្គលិកបានឲ្យដឹងថា មន្ត្រីដែលត្រូវបំពាក់ឋានន្តរសក្តិចំនួន៦៩រូប ថ្នាក់អនុសេនីយ៍ឯក៣៦រូប អនុសេនីយ៍ទោ១៦រូប អនុសេនីយ៍ត្រី៩រូប ព្រិន្ទបាលទោ៨រូប ក្នុងនោះមន្ត្រីនគរបាលជាតិដែលត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន៩នាក់ ។ ពិធីនេះប្រារព្ធធ្វើឡើងនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត លោកសូ សាហុង អភិបាលស្រុកភ្នំក្រវាញបានមានប្រសាសន៍ថា មន្ត្រីនគរបាលដែលត្រូវបំពាក់ឋានន្តរសក្តិ និងតែងតាំងមុខតំណែងនាពេលនេះ គឺជាការគិតគូរបស់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការស្នងការនគរបាលជាតិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដែលត្រូវបានបំពាក់ឋានន្តរសក្តិនិងតែងតាំងមុខតំណែង។ ទន្ទឹមនេះមន្ត្រីនគរបាលត្រូវយកតួនាទីមុខតំណែងនិងឋានន្តរសក្តិដែលទើបនឹងបំពាក់ទៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនិងបន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថភាពនៅមូលដ្ឋានក្នុងគោលបំណងឲ្យប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនិងរក្សាការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងគោរពច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា៕