ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខនៅជនសង្ស័យចំនួន ២នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីលួចរថយន្ត ហើយត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរហូតឈានដល់ការខ្លួនជនសង្ស័យខាងលើ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យឹងថាជនសង្ស័យទី១-ឈ្មោះ ឈាង ឧត្តម ហៅដំ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញលក់រថយន្ត ស្នាក់នៅផ្ទះលេខ៣១អឺ ផ្លូវលេខ៧ សង្កាត់ដង្កោ ខណ្ឌដង្កោ និងទី២-ឈ្មោះ ចាន់ រិទ្ធី ហៅពៅ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថតរូបចល័ត ស្នាក់នៅភូមិអណ្តូងស្នាយ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថាកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១៣និង៣០នាទីរសៀល កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដែលពាក់ព័ន្ធទៅនឹងករណីកែ្លងបន្លំ និងប្រើប្រាស់ឯកសារសាធារណៈក្លែង (ក្លែងស្លាកលេខរថយន្ត) ដែលត្រូវបានឃាត់ខ្លួននៅចំណុចមុខវត្តវាលស្បូវ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានធ្វើការដកហូតរថយន្តទាំង ២គ្រឿង ទី១-ម៉ាក Toyota Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2A-3052 និងទី២-ម៉ាក Toyota Camery ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-1361 ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់យកមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរទៅលើជនសង្ស័យទាំង ២នាក់ខាងលើ។
ក្រោយពីបានធ្វើការសាកសួរជនសង្ស័យទាំង ២នាក់ខាងលើរួចមក សមត្ថកិច្ចជំនាញការិយាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើលិខិតស្នើសុំបញ្ជាក់ពីភាពត្រឹមត្រូវ ឬក្លែងក្លាយលើស្លាកលេខរថយន្ត ខាងលើតាមសំណើរលេខ ២២/២០១៨ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ទៅអគ្គនាយកដ្ឋានដឹកជញ្ជូន ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីធ្វើការត្រួតពិនិត្យ។
នៅពេលដែលសមត្ថកិច្ចជំនាញបានត្រួតពិនិត្យរកឃើញថា រថយន្តដែលពាក់ស្លាកលេខ កណ្តាល 2A-3052 គឺជាស្លាកលេខរបស់រថយន្តម៉ាក Hyundai Mini Bus ពណ៌ក្រហមក្រម៉ៅ ដែលមានលេខតួ KMJFD37FPUS159140 លេខម៉ាស៉ីន D4BAT156105 មិនមែនជាស្លាកលេខរបស់រថយន្តម៉ាក Toyota Highlander ពណ៌ទឹកប្រាក់ លេខតួ JTECD21A010001507 លេខម៉ាស៊ីន 2A27274044 លតាបត្រលេខ 05-08-7897ទេ។ ចំណែកឯស្លាកលេខ ភ្នំពេញ 2AP-1361 ជាស្លាកលេខរបស់រថយន្តម៉ាក Toyota ពណ៌ក្រហម លេខតួ 5TDZA22CO4S195306 លេខម៉ាស៉ីន 3MZ4297520 មិនមែនជាស្លាកលេខរបស់រថយន្តម៉ាក Toyota Camry ពណ៌ស លេខតួ 4T-1BE32KX2U09140 លេខម៉ាស៊ីន 2AZ7237517 លតាបត្រ័លខ 10-01-8995ទេ។
ជនសង្ស័យពិតជាបានប្រអំពើ ក្លែងបន្លំ តាមមាត្រា៦២៦ ៦២៧ ក្រមព្រហ្មទណ្ឌ(ផ្តន្ទាទោសពី១ឆ្នាំដល់៣ឆ្នាំនិងពិន័យពី២លានរៀល ទៅ៦លានរៀល) និងមាត្រា ៧៧ នៃច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក(ផ្តន្ទាទោស ពី២ឆ្នាំ ទៅ៥ឆ្នាំ។
ក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យទាំង ២នាក់ខាងលើរួចមក កម្លាំងសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតមនីតិវិធីច្បាប់៕