បន្ទាយមានជ័យ ៖ ភាគីថៃបានឃាត់ប្រជាពលរដ្ឋខ្មែររយៈពេល២ថ្ងៃជាប់គ្នាមាន ចំនួន២៨៩នាក់ ស្រី១២០នាក់និងយកជីចំនួន២០០ការ៉ុងក្បែរព្រំដែនស្ថិតស្រុកតាប់ប្រាយ៉ាប្រទេសថៃឈមឃុំគោករមៀតស្រុកថ្មពួក។
លោក សរ សំណាង ប្រធានគណៈកម្មាធិការច្រកតំបន់ព្រំដែនបឹងត្រកួនបានប្រាប់ថាកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចថៃឃាត់ប្រជាពលរដ្ឋចំនួន២៧៤នាក់ មានស្រី១១១នាក់ និងកុមា៩៤នាក់ និងគោយន្ត៤៩គ្រឿង និងជីគីមីចំនួន៦៥៥ការ៉ុង ដែលនៅក្បែរព្រំដែនខាងភាគីថៃស្ថិតក្នុងស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ និងឈមកម្ពុជាឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា មូលហេតុដែលភាគីថៃឃាត់ប្រជាពលរដ្ឋខ្មែរនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យគឺភាគីថៃបានបើកផ្សារណាត់ក្បែរព្រំដែនក្នុងស្រុកតាប់ប្រាយ៉ាប្រទេសថៃហើយបើកកម្ពុជាចូលទៅទិញទំនិញនៅពេលដែលប្រជាបលរដ្ឋខ្មែរទៅទិញទំនិញខ្លះទិញជីគីមីដឹកតាមគោយយន្តមកត្រូវបានកម្លាំងយោធាប៉ារ៉ាថៃឃាត់ប្រជាពលរដ្ឋខ្មែរចំនួន២៧៤នាក់និងឃាត់គោយន្តដឹកជី៦៥៥ការ៉ុង ចោទថាទិញនាំចេញខុសច្បាប់។
លោក សរ សំណាង បានបញ្ជាក់ថា ក្រោយពេលឃាត់ប្រជាពលរដ្ឋនិងយកជីគីមីហើយអាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានចូលសម្របសម្រួលជាមួយភាគីថៃទើបសម្រេចដោះលែងប្រជាពលរដ្ឋនិងគោយន្តតែដកហូតជីគីមីចំនួន២០០ការ៉ុងទុក។
លោកបានបញ្ជាក់ថា ដោយឡែកនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នោះដែរប្រជាពលរដ្ឋខ្មែរចំនួន១៥នាក់ ស្រី៩នាក់ដែលភាគីតម្រួតថៃឃាត់បានចោទប្រកាន់ពីបទលួចឆ្លងដែនខុសច្បាប់ឃាត់នៅចំណុចផ្លូវបំបែកចាប់សាន់ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវប្រទេសថៃឈមកម្ពុជាឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក សរ សំណាង បានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៥នាក់ដែលត្រូវភាគីថៃឃាត់គឺមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃនិងមន្ត្រីគណៈកម្មាធិការច្រកតំបន់ព្រំដែនបឹងត្រកួនចូលទៅសម្របសម្រួលដែរតែភាគីថៃមិនយល់ព្រមហើយបានបញ្ជូនប្រជាពលរដ្ឋដែលចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់ត្រូវបានអនុវត្តតាមច្បាប់។
លោក ឌៀប ឈួន អភិបាលស្រុកថ្មពួកបានប្រាប់ថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៨ថា ភាគីថៃបានឃាត់ប្រជាពលរដ្ឋខ្មែរ២ថ្ងៃជាប់គ្នាចំនួន២៨៩នាក់ហើយកាលលើកទី១-ឃាត់ចំនួន២៧៤នាក់ ដែលចោទប្រកាន់ទិញជីគីមីនាំចេញខុសច្បាប់ចំនួន៦៥៥ការ៉ុង ដកហូតយកចំនួន២០០ការ៉ុង និងលើកទី២-ឃាត់ប្រជាពលរដ្ឋខ្មែរចំនួន១៥នាក់ ដែលចោទប្រកាន់ពីបទលួចឆ្លងដែនខុសច្បាប់ហើយត្រូវអនុវត្តន៍ច្បាប់ទោះជាអាជ្ញាធរទៅអន្តរាគមន៍ថៃនៅតែអនុវត្តន៍តាមច្បាប់ ៕