បន្ទាយមានជ័យ ៖ ផ្ទះឈើលើថ្មក្រោមត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី។
ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានឈ្មោះ វ៉ន បូរិន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាប្តី ដែលមានប្រពន្ធឈ្មោះ សេង ម៉ាឡែន អាយុ២៩ឆ្នាំ ដែលរស់នៅភូមិកើតហេតុ។
ម្ចាស់ផ្ទះបានប្រាប់ថា នៅពេលមានអគ្គិភ័យឆាបឆេះផ្ទះគឺពួកគាត់នៅ ខាងក្រោមផ្ទះហើយស្នូរផ្ទុះផ្នែកខាងលើនិងមានអណ្តាតភ្លើងឆាបឆេះឡើងស្រែកអោយអ្នកជិតខាងជួយយកទឹកមកជះពន្លត់ដែរតែអគ្គិភ័យបានឆាបឆេះទាំងស្រុងនិងរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តបានជួយអន្តរាគមន៍បាញ់ដែរតែមិនទាន់ពេលនោះទេ និងមិនបណ្តាលរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ម្ចាស់ផ្ទះបានបញ្ជាក់ថាផ្ទះរបស់ពួកគាត់ជាផ្ទះឈើលើថ្មក្រោមដែលមានបណ្តោយ៨ម៉ែត្រនិងទទឹង៧ម៉ែត្រនិងឆេះលុយខ្មែរអស់១លានរៀល និងលុយបាត១ម៉ឺនបាត ខ្សែរកមាស១ខ្សែទម្ងន់៥ជីនិងផ្លាកដៃមាស១ខ្សែទម្ងន់៥ជី។
សមត្ថកិច្ចដែលចុះពិនិត្យផ្ទះឆេះបានប្រាប់ថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនេះតាមការស្រាវជ្រាវនិងម្ចាស់ផ្ទះជាជនរងគ្រោះបានអោយដឹងគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕