ប៉ៃលិន ៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ ក្នុងទិសដៅស្របគ្នា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ ៥៧A ស្ថិតក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់រថយន្តឈ្មោះ ជឹម ស្តើង ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួស) បើកបររថយន្តច្នៃម៉ាកទួរីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ.ព២-១១៧៩ (ខូចខាតស្រាល) ចំណែកភាគីម៉ូតូឈ្មោះ សុខ រ៉ង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិទួលល្វា សង្កាត់ ទួលល្វា ក្រុង-ខេត្តប៉ៃលិន (របួសធ្ងន់-បាក់ជើង) បើកបរម៉ូតូម៉ាក ហុងដាទ្រីម ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BH-7683 ពណ៌ខ្មៅ (ខូចខាតមធ្យម)។ បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីរងចាំការដោះស្រាយ ៕