បន្ទាយមានជ័យ ៖ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យកិច្ចការងារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង៦៥ របស់ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដាក់ចេញនូវបទបញ្ជានិងបានជំរុញឱ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងនគរបាលការិយាល័យជំនាញ កម្លាំងគរបាលពាក់ព័ន្ធ ត្រូវគ្រប់គ្រងត្រួតពិនិត្យជនជាតិចិនដែលមកស្នាក់នៅធ្វើការងារ នៅក្រុងប៉ោយប៉ែតឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដើម្បីចៀសវាងការមកស្នាក់នៅធ្វើការងារខុសច្បាប់និងបង្កជាបទល្មើសផ្សេងៗដែលជាហេតុបណ្តាលប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថាបច្ចុប្បន្ននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ និងជាតំបន់ដែលមានកាស៊ីណូ ត្រូវបានជនជាតិចិនមកជួលអគារ និងស្នាក់នៅប្រកបមុខរបរអាជីវកម្ម មានចំនួនកើនឡើងខ្ពស់ ដែលគេចាត់ទុកថា ក្រុងប៉ោយប៉ែតជាប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពីក្រុងព្រះសីហនុ ដែលមានជនជាតិចិនមកធ្វើការងារប្រកបមុខរបរស្នាក់នៅច្រើនជាងគេនោះ។
សេចក្តីរាយការណ៍ឱ្យដឹងទៀតថាជនជាតិចិនដែលមកស្នាក់នៅក្រុងប៉ោយប៉ែតរហូតមកដលពេលនេះមិនទាន់មានសកម្មភាពបង្កប៉ះពាល់អសន្តិសុខអ្វីនៅឡើយនោះទេ។ ប៉ុន្តែកន្លងមក ជនជាតិចិនមួយចំនួនមកជួលអគារនៅក្រុងប៉ោយប៉ែតបានលួចលាក់ធ្វើសកម្មភាពជំរិតទារប្រាក់ពីជនជាតិចិនគ្នាឯងនៅក្នុងប្រទេសចិន តាមប្រព័ន្ធអ៊ិនធើណិត ត្រូវរងការបង្ក្រាបឃាត់ខ្លួនពីកម្លាំងសមត្ថកិច្ចកម្ពុជា ដែលមានការសហការពីប៉ូលីសចិនផងដែរ។
ការជំរុញឱ្យមានការគ្រប់គ្រងត្រួតពិនិត្យជនជាតិចិនពីសំណាក់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម គឺដើម្បីបង្ការទប់ស្កាត់បញ្ហាបង្កអសន្តិសុខ ក្រោយពីលោកមើលឃើញថា សកម្មភាពជនជាតិចិនមួយចំនួនតូចមកធ្វើការងារស្នាក់នៅក្រុងព្រះសីហនុនោះ បានបង្កអន្តិសុខ មានទាំងកាំភ្លើងប្រើប្រាស់ ហើយបានបង្ករបួសស្នាមអ្នកដទៃទៀតនោះផង។
លោកស្នងការបានណែនាំទៀតថា បើសិនជនជាតិចិនមកធ្វើការងារប្រកបមុខរបរអាជីវកម្មត្រឹមត្រូវតាមច្បាប់ ត្រូវបង្កលក្ខណៈងាយស្រួលដល់ពួកគេ ពីព្រោះការចូលមកវិនិយោគរបស់ជនជាតិចិនដោយស្របច្បាប់ក៏ជាផ្នែកមួយដើម្បីបង្កើនសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជាយើងផងដែរ។
ពាក់ព័ន្ធនិងការមកស្នាក់នៅធ្វើការងាររកស៊ីពីសំណាក់ជនជាតិចិននៅក្នុងប្រទេសកម្ពុជានេះដែរ កន្លងមកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក ស្យុង បូ បានធ្វើសន្និសិទកាសែតប្រកាន់ជំហររបស់រដ្ឋាភិបាលចិនថា វត្តមានរបស់ប្រជាជនចិន និងវិនិយោគិនចិននៅកម្ពុជា គឺដើម្បីជួយជំរុញនិងចូលរួមអភិវឌ្ឍន៍ វិស័យសង្គមកិច្ច និងសេដ្ឋកិច្ចរបស់កម្ពុជា។ មន្ត្រីទូតបានថ្លែងថាស្ថានទូតមិនគាំទ្រដល់ជនជាតិចិនណាមួយដែលមានគម្រោង ចង់សាងសង់ China Town នៅក្នុងប្រទេសកម្ពុជា និងចិនមិនគាំទ្រជនជាតិខ្លួនឯងដែលចង់ បង្កើតកាស៊ីណូ ក្នុង ការទាក់ទាញអ្នកទេសចរណ៍ចិនមកលេងល្បែងនោះឡើយ។ មន្ត្រីស្ថានទូតចិន បានអំពាវនាវអោយជនជាតិចិន ដែលមកកម្ពុជាត្រូវចៀសឆ្ងាយពីល្បែងស៊ីសង។
ឯកអគ្គរដ្ឋទូតចិន បានស្នើអោយជនជាតិចិនមិនត្រូវប្រព្រឹត្តសកម្មភាពល្មើសច្បាប់ណាមួយក្នុងទឹកដីកម្ពុជា និង បានបញ្ជាក់ថាភាគីកម្ពុជានិងចិន បានយល់ព្រមគ្នាពុំអនុញ្ញាតអោយជនណាមួយប្រើប្រាស់ទឹកដីកម្ពុជាប្រព្រឹត្ត អំពើល្មើសច្បាប់ដែលនាំអោយខូចប្រយោជន៍របស់ប្រទេសចិននិងប្រជាជនចិននោះទេ។
ឯកអគ្គរដ្ឋទូតចិនលោក ស្យុង បូ បានបញ្ជាក់ទៀតថាការលើកឡើងថា វិនិយោគិនរបស់ចិននៅកម្ពុជា មួយភាគធំ គឺសុទ្ធតែជាការលាងលុយកង្វក់នោះ គឺមិនពិតឡើយ ជាការលាបពណ៌ និងមួលបង្កាច់ ចំពោះវិនិយោគិនចិននៅកម្ពុជា។ មានសារព័ត៌មានមួយចំនួនតូចបានចុះផ្សាយថា វិនិយោគិនចិននៅកម្ពុជា ភាគច្រើនគឺដើម្បីលាងលុយនោះ លោកចាប់អារម្មណ៍ថា ព័ត៌មានទាំងអស់នោះភាគច្រើន គឺមកពីប្រទេសប៉ែកខាងលិច ហើយជាការចុះផ្សាយព័ត៌មាននេះគឺមានគោលបំណងសំដៅរឿងនយោបាយ ដោយសារពួកមិនចង់មើលឃើញទំនាក់ទំនងចិន និងកម្ពុជាល្អប្រសើរ ដូចពេលបច្ចុប្បន្ន៕