ព្រះសីហនុ ៖ កាលពីនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី នៅចំណុចវត្តសមាធិ ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអំពើលួចមួយកើតឡើង។ ក្រោយពីទទួលបណ្តឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់។ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ ឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់រួមមានទី១-ឈ្មោះ ស៊ីវ ឡា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ទី២-ឈ្មោះ អោ វាសនា ហៅស្នា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, និងទី៣-ឈ្មោះ រិន ប៉ៃលិន ហៅ ប៉ៃលិន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តំណាងជនរងគ្រោះឈ្មោះ យស បូផា ភេទស្រី អាយុ៦៥ឆ្នាំ ជាសមានជិកគណកម្មាធិការវត្ត មានទីលំនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សម្ភារៈបាត់បង់រួមមានៈ កុំព្យូទ័រយួរដៃ ០១គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង, លុយ ៣០០,០០០រៀល ។
បច្ចុប្បន្នកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ៕