ព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងដឹកអ្នកដំណើរវីរៈប៊ុនថាំ អ្នកថ្នើរជើង។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៤-២០៥ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងមានរថយន្តក្រុងមួយគ្រឿង ពណ៌លឿង-ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5017 របស់ក្រុមហ៊ុន វីរៈប៊ុនថាំ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានបុកនឹងអ្នកថ្មើរជើងម្នាក់ឈ្មោះ ហង្ស សារឿន ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើរឆ្លងកាត់ផ្លូវ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងកើតហេតុឈ្មោះ ហង្ស សារឿន បានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ រីឯវត្ថុតាងរថយន្ត មួយគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ តាមការសាកសួរ ក្រុមគ្រួសារ បានឆ្លើយថា ឈ្មោះ ហង្ស សារឿន មានជំងឺសរសៃប្រសាទ ៕