កណ្ដាល ៖ បុរសម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូស្របទិសជាមួយរថយន្ដ ភ្លាមនោះរថយន្ដបានបត់ឆ្លងផ្លូវដោយមិនប្រយ័ត្ន បណ្ដាល់ឲ្យម៉ូតូជនរងគ្រោះបុកពេញមួយទំហឹង កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិវត្តថ្ថី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ វ៉ៃ សុគាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក (រងរបួសបាក់ភ្លៅ) ជិះម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1 BL-5644 រួមដំណើរជាមួយឈ្មោះ រឿន សេងលាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅខ្ពបលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែកឯរថយន្ដបង្កម៉ាកទីតាន់ ពណ៌ស ស៊េរីឆ្នាំ1993 ពាក់ស្លាកលេខ ង.5015 ភ.ព បើកបរដោយឈ្មោះ កែវ រដ្ឋា ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ លក់គ្រឿងសំណង់ មានទីលំនៅភូមិរកាកោង ឃុំស្រកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះនិងរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងស្របគ្នា លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ដបង្កបានបត់ឆ្លងផ្លូវ ខណៈនោះម៉ូតូជនរងគ្រោះបើកមកពីក្រោយក៏ឈប់មិនទាន់បានបុកបុកកង់រថយន្តផ្នែកខាងមុខ បណ្តាលឲ្យដួលទៅលើផ្លូវ ទទួលរងបួសធ្ងន់បាក់ភ្លៅខាងស្តាំ រីឯអ្នករួមដំណើរម្នាក់ទៀតទទួលរងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕