បាត់ដំបង ៖ ដោយសារវិបត្តិស្នេហា ធ្វើអោយយុវជនម្នាក់ហ៊ានធ្វើអត្តឃាតខ្លួនឯងដោយចង កសម្លាប់ខ្លួននៅកណ្តាលវាលស្រែបន្ទាប់ពីម្តាយចិញ្ចឹមបានលបស្តាប់ឮសូរសម្តីទាស់គ្នាតាមរយៈទូរស័ព្ទជាមួយស្រីស្នេហ៍ គឺមួយសន្ទុះក្រោយមកក៏បាត់យុវជននេះរហូត ដល់គេប្រទះឃើញសពតែម្តង។
ហេតុការណ៍ដែលបង្កអោយមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយសារតែប្រជាពលរដ្ឋបានប្រទះឃើញសពយុវជនម្នាក់បាន ចង កសម្លាប់ខ្លួន នៅនឹងដើមស្តៅ កណ្តាលវាលស្រែ ក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
តាមការអះអាងពីស្ត្រីជាម្តាយចិញ្ចឹម បាននិយាយថា យុវជនរូបនេះមានឈ្មោះ មាស សាមុត ហៅ តួ អាយុ២៣ឆ្នាំ មុខរបជា ដោយគាត់បានយកមកចិញ្ចឹមតាំងពីនៅកុមារអាយុ៣ឆ្នាំមកម្ល៉េះ។ ហើយនៅល្ងាចមុនពេលកើតហេតុ គាត់បានឃើញកូនជិះម៉ូតូមកចតទុកចោលហើយ ក៏បានដើរទៅដេកលើអង្រឹងខាងមុខផ្ទះដោយគេបាននិយាយទូរស័ព្ទយ៉ាងយូរ
ផងដែរ ដែលទំនងជាមានការទាស់ទែងជាមួយនឹងនារីកំណាន់ចិត្ត បានជាឃើញគេយំរួចហើយកូនប្រុសក៏បានដើរចេញទៅក្រោយផ្ទះហើយក៏បាត់រហូតតែម្តង ដោយមិនដឹងជាគេដើរទៅណា។
ស្ត្រីជាម្តាយបានបន្តថា លុះព្រឹកឡើងទើបមានការឆោរឡោឡើងដោយសារតែឃើញកូនបានចង កសម្លាប់ខ្លួនទោនឹងដើមស្តៅស្លាប់បាត់ទៅហើយ ដោយនៅពេលនោះដែរសមត្ថកិច្ចក៏បានចុះទៅពិនិត្យ ព្រមទាំងបានប្រគល់សពទៅអោយក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណីដោយសមត្ថកិច្ចបានសន្និដ្ឋានថាការធ្វើអត្តឃាតនេះគឺដោយសារវិបត្តិស្នេហា ៕