ប៉ៃលិន ៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានធ្វើការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់សារធាតុញៀនមួយកន្លែង ស្ថិតក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ ជូន វិន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ ។
លោក វរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការក្រុងប៉ៃលិន មានប្រសាសន៍ឲ្យដឹងថា មុនឈានដល់ការបង្ក្រាបករណីខាងលើនេះ គឺលោកបានដឹងតាមរយៈកម្លាំងបណ្តាញសំងាត់ថា មានជនសង្ស័យកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀនជាក់ស្តែង នៅចំណុចកើតហេតុខាងលើ ពេលនោះលោក ក៏សុំគោលការ ពីលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត ព្រមទាំងមានការបញ្ជា ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន លោកក៍ដឹកនាំកម្លាំងនគរបាលជំនាញ ដោយសហការជាមួយកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ទួលល្វា ធ្វើការបង្ក្រាបបានករណីគ្រឿងញៀន មួយកន្លែង ដែលឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ ជូន វិន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ ដោយរិបអួសថ្នាំញៀនចំនួន១កញ្ចប់តូច ស្មើ១៦គ្រាប់ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ ត្រួវបានកម្លាំងជំនាញ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់ស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការបន្ត ៕