កាណូត​បុក​កាណូត​ បង្ក​ឱ្យ​ជន​រង​គ្រោះ​បែកក្បាល​ដេរ​១៤​ថ្នេរ​

17-February-2018 | ដោយ ពលមនសិការ

បាត់ដំបង​ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​នៅ​ត្រង់​ក្បាល​ផ្នែក​ខាងក្រោយ​រហូត​ត្រូវ​បាន​គ្រូពេទ្យ​ដេរ​ចំនួន​ ១៤​ថ្នេរ​ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​បើកបរ​កាណូត​នៅ​លើ​ផ្ទៃ​ទឹក​ នា​បឹង​ទន្លេសាប​ដើម្បី​នេ​សា​ទ្រ​ត្រី​ ស្រាប់តែ​មាន​កាណូត​មួយ​គ្រឿង​ផ្សេង​ទៀត​បើក​មក​បុក​យ៉ាង​ពេញទំហឹង​តែ​ម្តង​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៧​ និង​១៥​នាទី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ភូមិ​ ព្រែក​ទាល់​ ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​រវាង​កាណូត​ស្មាច់​ (​ កម្លាំង​១៨​សេះ​ )​ ជាមួយនឹង​កាណូត​ម៉ា​ស្តា​ (​ កម្លាំង​៣០​សេះ​ )​ ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ​ សុខ​ ជុំ​ ភេទ​ ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មុខរបរ​ នេ​សា​ទ្រ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ (​ អ្នក​បើកកាណូត​ម៉ា​ស្តា​ )​។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គឺ​ ជន​រង​គ្រោះ​ឈ្មោះ​ កុង​ ហឿ​ង​ ភេទ​ប្រុស​ អាយុ​ ៦៥​ឆ្នាំ​ មុខរបរ​ នេ​សា​ទ្រ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ កំពុង​បើកកាណូត​និង​ធ្វើការ​នេ​សា​ទ្រ​តែឯង​ នា​ដៃទន្លេ​សាប​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ ។​

​របាយការណ៍​បាន​បន្ត​ថា​ រំពេច​នោះ​ក៏​ស្រាប់តែ​មាន​កាណូត​ម៉ា​ស្តា​របស់​ជន​បង្ក​ បាន​បើក​យ៉ាង​លឿន​ ហើយ​បាន​ជ្រុល​ទៅ​បុក​ពី​ចំហៀង​ទៅ​លើ​កាណូត​ជន​រង​គ្រោះ​ បណ្តាល​ឱ្យ​បុរស​វ័យ​ចំណាស់​ដួល​ផ្ងា​ក្រោយ​បោក​ក្បាល​ទៅ​នឹង​ដែក​កាណូត​ បែកក្បាល​យ៉ាងដំណំ​ ព្រមទាំង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​នោះ​ដែរ​ ដោយ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​សកម្មភាព​ដេរ​ត្រង់​មុខរបួស​នោះ​ចំនួន​១៤​ថ្នេរ​ ដោយ​បច្ចុប្បន្ន​ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ ចំណែក​កាណូត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ចរាចរណ៍​ជើង​ទឹក​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ​៕​

ចំនួនអ្នកទស្សនា

    20636097

  • ថ្ងៃនេះ11971
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78491
  • ខែនេះ193641
  • ឆ្នាំនេះ193641
  • សរុប20636097