កណ្ដាល ៖ បុរសម្នាក់រងរបួសបែកក្បាលយ៉ាងដំណំ ខណៈដែលមានទាស់ពាក្យសំដីគ្នារហូតប្រើហិង្សាគ្នាទៅវិញទៅមក ធ្វើឲ្យបុរសម្នាក់យកដុំឥដ្ឋមកវាយទៅលើគូរជម្លោះរបស់ខ្លួន បានបង្កឲ្យមានការឆោឡោឡើងកាលពីវេលាម៉ោង១៧និង៤៥នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ដ្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈុន សារឿន ភេទប្រុស អាយុ៣៣ឆ្នាំ ។ ចំណែកឯជនសង្ស័យឈ្មោះ ហ៊ុល ស៊ីយ៉ិត ហៅ (រាជ) ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ អាយុ៣៥ឆ្នាំ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះបានមានទំនាស់ពាក្យសំដីគ្នា រហូតឈានដល់ប្រើហិង្សាវាយតប់គ្នាទៅវិញទៅមក ខណៈដែលកំពុងវាយគ្នា ភ្លាមនោះជនសង្ស័យឈ្មោះ ហ៊ុល ស៊ីយ៉ិត បានក្រឡេកឃើញដុំឥដ្ឋដែលនៅក្បែខ្លួនយកមកវាយចំក្បាលផ្នែកខាងក្រោយរបស់ជនរងគ្រោះឈ្មោះ ឈុន សារឿន បណ្តាលឲ្យបែកក្បាលរងរបួសយ៉ាងដំណំ បានបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោរដល់បងប្អូនជិតខាងមកជួយឃាត់បំបែកចេញពីគ្នា។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិយកទៅព្យាលបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំណែកជនសង្ស័យក៏បានទៅសម្រាកព្យាបាលរបួសនៅគ្លីនិកឈ្មោះ ស៊ូ ម៉ារ៉ា ស្រុកកៀនស្វាយ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕