កណ្ដាល ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២៣និង២២នាទី មានករណីគ្រោះថ្នាក់ចរាចចរណ៍មួយ រវាងម៉ូតូនិងរថយន្ដ បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ខណៈដែលបុរសខាងលើនេះជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុកជាមួយរថយន្ដមួយគ្រឿងទៀតពេញមួយទំហឹង លើកំណាត់ផ្លូវលេខ១១៥កែងភ្លើងស្តុបA9 ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បៃ ឌឺលុច្ស ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល ជិះម៉ូតូម៉ាកម៉ាកហុងដាឌ្រីម ធុនសេន១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BW-0904 ។ ចំណែករថយន្ដម៉ាក HIYUNDAI ធុនធំ ប្រភេទដឹកទំនេញ ពាក់ស្លាកលេខភ្នំពេញ 3C-2555 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនក្រោយពីមានហេតុការណ៍កើតឡើង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនររងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម បើកបរតាមបណ្ដោយផ្លូវលេខ១១៥ ក្នុងទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះបានបុកជាមួយរថយន្ដធុនធំពេញមួយទំហឹងត្រង់ចំណុចពាក់កណ្ដាលទ្រូងផ្លូវ បណ្ដាលឲ្យម៉ូតូរបស់ជនរងគ្រោះខ្ទាតចូលទៅក្រោមកង់រថយន្ដកិនស្លាប់ភ្លាមៗ រីអ្នកបើកបររថយន្ដបានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកធ្វើការអន្ដរាគមន៍ ពិនិត្យនិងវាស់វែង រួចកសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា គឺបណ្តាលមកពីជនរងគ្រោះជិះម៉ូតូក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ទើបបានជាបុកជាមួយរថយន្ដស្លាប់បែបនេះ ៕