សៀមរាប ៖ ជនសង្ស័យម្នាក់ត្រូវបានពលរដ្ឋនិងកម្លាំងនគរបាលខេត្តសៀមរាបសហការគ្នា ឃាត់ខ្លួនបានភ្លាមៗខណៈរូបគេបានចូលលួចម៉ូតូរបស់ជនរងគ្រោះដែលទុកក្នុងផ្ទះ។ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិពោធិ៍បុស្សសង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុកកណ្តាលនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃអាទិត្យ៤កើតខែផល្គុនឆ្នាំរកានព្វស័ក ព.ស២០៥៦១ ត្រូវនិងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៧និង៤០នាទីមានជនសង្ស័យម្នាក់ឈ្មោះគន់ តារា ភេទប្រុសអាយុ២៤ឆ្នាំមុខរបរកម្មករ នៅភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគងខេត្តសៀមរាប បានធ្វើសកម្មភាពលួចយក ម៉ូតូរបស់ជនរងគ្រោះឈ្មោះភ្នៅ ហ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិត BBU ពីកន្លែងស្នាក់នៅភូមិពោធិ៍បុស្សសង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។ លោកបន្តថា
ក្រោយពីធ្វើសកម្មភាពលួចម៉ូតូអូសបានបានប្រហែល ៥០ម៉ែត្រ ពីកន្លែងកើតហេតុត្រូវបានពលរដ្ឋនិងកម្លាំងនគរបាលឃាត់តែម្តង។ លោកបន្ថែមថាតាមចំលើយសារភាពរបស់ជនសង្ស័យថាខ្លួនពិតជាបានធ្វើសកម្មភាព លួចពិតប្រាកដមែន ហើយវត្ថតាងដកហូតបានមកវិញជាក់ស្តែង និងបានប្រគល់ជូនជនរងគ្រោះវិញហើយ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕