ក្រចេះ ៖ សាកសពយុវជនជាសិស្ស២នាក់ដែលជួបហេតុការលិចទូកពេលជិះឆ្លងទន្លេទៅលេងឆេ្នរខ្សាច់ត្រូវបានរកឃើញហើយក្រោយជួបហេតុការណ៍លិចទូកនៅកណ្តាលទន្លេនៅពេលនាំគ្នា១០នាក់ ជិះកូនទូកឆ្លងទន្លេដើម្បីទៅលេងឆ្នេរខ្សាច់នៅកោះ។
សាកសពយុវជន ២នាក់ ដែលបានបាត់ខ្លួននៅក្នុងទន្លេដោយសារលិចទូកត្រូវបាននគរបាលស្រុកឆ្លូង និងសាច់ញាតិចុះរុករកឃើញជាបន្តបន្ទាប់នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយពីបានបាត់ខ្លួនក្នុងទឹករយៈពេល៣ថ្ងៃ។
ហេតុការណ៍លិចទូកម៉ាស៊ីនតូចមួយ បានបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅពេលដែលមានក្រុមយុវជនជាសិស្សរៀននៅសាលាវិទ្យាល័យសិលាវេទីគាត ឈន់ មួយក្រុមបាននាំគ្នាជិះកូនទូកម៉ាស៊ីនឆ្លងពីភូមិហាន់ជ័យទី២ ឃុំហាន់ជ័យ ស្រុកឆ្លូង ក្នុងគោលបំណងឆ្លងទៅកោះដើម្បីលេងឆ្នេរខ្សាច់និងក៏បានជួបហេតុការលិចនៅកណ្តាលទន្លេ ក្រោយបានជិះឆ្លងបានចម្ងាយជាង១០០មែត្រ។
ជុំវិញហេតុការណ៍នេះ អធិការនគរបាលស្រុកឆ្លូងលោក វរសេនីយ៍ឯក ឆុង តូរ៉ាន់ បាន បញ្ជាក់ប្រាប់ឲ្យដឹងថា សកសពយុវជនទាំងពីរនាក់ត្រូវបានកម្លាំងនគរបាលនិងសាច់ញាតិបានរុករកឃើញនេះ មានទី១-ឈ្មោះ រឿន សុធារិទ្ធ អាយុ១៧ឆ្នាំ និងទី២-ឈ្មោះវ៉ាន់ ពុទ្ធនិរន្ទ៍ អាយុ១៨ឆ្នាំ ពួកគេទាំងពីរនាក់មានទីលំនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕