បន្ទាយមានជ័យ ៖ មន្ត្រីពន្ធដារខេត្តបន្ទាយមានជ័យបានត្រួតពិនិត្យរថយន្តរយៈពេល២០ថ្ងៃ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ប្រមូលពន្ធបាន ១០,២៤០,៨៩០,០០០រៀល ដែលកំពុងអនុវត្តន៍បន្តនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកមង្គលបូរី។
លោក សុខ វិរៈ អនុប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការអនុវត្តការងារត្រួតពិនិត្យដោយមន្ត្រីចម្រុះចាប់ពីថ្ងៃទី១ ដល់២០ ខែកុម្ភៈ ឆ្នាំ២០១៨ គឺមានរយៈពេល២០ថ្ងៃ ត្រួតពិនិត្យរថយន្តដែលមិនបានបង់ពន្ធឆ្នាំមានចំនួន១១៥គ្រឿង ត្រូវបានឲ្យបង់និងផាកវិន័យបានទឹកប្រាក់ចំនួន១០,២៤០,៨៩០,០០០រៀល។ ហើយការអនុវត្តនៅឆ្នាំ២០១៧កន្លងទៅការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនមានទឹកប្រាក់សរុបចំនួន ៥,៦៥៥,២៤០,០០០រៀល។
លោក ព្រឹម សាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ដោយមានការណែនាំពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងដាក់វិធានការពីអគ្គនាយកដ្ឋានពន្ធដារដើម្បីប្រមូលពន្ធជូនរដ្ឋនិងមានការណែនាំពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យហើយមន្ត្រីសាខាពន្ធដារខេត្តបានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្តនិងកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះអនុវត្តការងារត្រួតពិនិត្យរថយន្តតាមដងផ្លូវក្នុងខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា ការអនុវត្តការងារពិនិត្យរថយន្តតាមដងផ្លូវដោយមន្ត្រីចម្រុះដែលដឹកនាំដោយមន្ត្រីសាខាពន្ធដារខេត្តនេះគឺអនុវត្តតាមជំនាញវិជ្ជាជីវៈនិងក្រមសីលធម៌ច្បាស់លាស់អត់ធ្មត់ទើបធ្វើការមានប្រសិទ្ធភាពដើម្បីបម្រើប្រជាពលរដ្ឋនិងសង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យនៅកម្ពុជា៕