រតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដសាំយ៉ុង បុកគោយន្តកែច្នៃដឹកជន្លុងម្រេចពីក្រោយក្នុងទិសដៅស្របគ្នា ពីកើតទៅលិច នៅចំណុចទួលដំរីងាប់លើផ្លូវជាតិលេខ78A ស្ថិតក្នុងភូមិគ្លិះ ឃុំស៊ើង ស្រុកបរកែវ បណ្ដាលឲ្យព្រូរថយន្ដ០១នាក់កៀបស្លាប់ក្នុងរថយន្ដភ្លាមៗតែម្ដង។ ហេតុការណ៏នេះកើតឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៦និង២០នាទីយប់ ។
លោកវរសេនីយ៍ទោ ជួប វណ្ណារ៉ាក់ អធិការស្រុកបរកែវ បានប្រាប់ឲ្យដឹងថាអ្នករងគ្រោះ ឈ្មោះម៉ៅ សុណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូរថយន្ដស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅសព្វថ្ងៃភូមិដំណាក់សាន ឃុំដំណាក់សាន ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ចំណែកអ្នកបើកបរគោយន្ដកែច្នៃ ឈ្មោះវឿន សីហា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ។ រីឯអ្នកបើកបររថយន្ដ ម៉ាក់សាំយ៉ុងពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ2AL-9586 បានរត់គេចខ្លួនបាត់។
អធិការស្រុកបរកែវដដែរ បានប្រាប់ឲ្យដឹងទៀតថា គ្រោះចរាចរថ្នាក់នេះបង្ករឡើងដោយរថយន្ដម៉ាកសាំយ៉ុង បើកក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានវាក់នឹងគោយន្តកែច្នៃដែរកំពុងបើកបរយឺតៗដឹកជន្លុងម្រេចក្នុងទិសដៅពីក្រុងបានលុង ទៅស្រុកអូយ៉ាដាវ ទើបធ្វើឲ្យរថយន្ដសាំយ៉ុងជាន់ហ្វ្រាំងមិនជាប់បណ្ដាលឲ្យបុកពីក្រោយគោយន្តកែច្នៃពេញទំហឹងតែម្ដង ។
បច្ចុប្បន្នរថយន្ដបង្ករ និងគោយន្តកែច្នៃ ត្រូវបានកម្លាំងជំនាញយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារបូជានៅវត្តក្បែរកន្លែងកើតហេតុ ដើម្បីយកធាតុទៅស្រុកកំណើត ៕