ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានឲ្យដឹងថាកម្លាំងនគរបាលខេត្តបានឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់សម្ភាៈប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ)។
លោកឧត្តមសេនីយ៍ទោ ស្នងការបានបន្តថាកាលពីនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១២និង៤០នាទី នៅតាមដងផ្លូវលេខ៥០២ ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ជនជាតិចិន) មួយកើតឡើង បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ មួយគ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ឆក់ ទូរស័ព្ទដៃ ម៉ាក Iphone X ខណៈជនរងគ្រោះកំពុងដើរ និងនិយាយទូរស័ព្ទ ហើយគេចខ្លួនបាត់។ ភ្លាមៗនោះកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការដេញពីក្រោយ ស្ទាក់ពីមុខ ជនសង្ស័យភ័យបានទុកម៉ូតូចោលរត់ចូលព្រៃ។ខណៈនោះមានជនសង្ស័យ ២នាក់ បានជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ មកបម្រុងងរំដោះបក្ខពួករបស់ពួកវា សមត្ថកិច្ចយើងក៏ធ្វើការស្ទាក់ចាប់ពួកគេទាំង២នាក់នោះ តែគេបានជិះម៉ូតូរត់ និងបានដកកាំភ្លើងខ្លីពីចង្កេះ ភ្ជង់មកលើកម្លាំងសមត្ថកិច្ចយើង គម្រាមកុំឲ្យតាមចាប់ពួកវា តែដោយកម្លាំងសមត្ថកិច្ចយើងនៅតែតាម ពួកគេក៏បោះកាំភ្លើងខ្លីនោះចោលនៅតាមដងផ្លូវ សមត្ថកិច្ចយើងបានដេញរហូតដល់មុខផ្សារលើ ទើបអាចស្ទាក់ចាប់ពួកគេទាំង ២នាក់នេះបាន បន្ទាប់មកម្លាំងសមត្ថកិច្ចយើងបានចាប់ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ដែលរត់ចូលព្រៃ និងឃាត់ខ្លួនបក្ខពួក ២នាក់ ទៀត ដែលជាអ្នកសមគំនិតបិទគូថ សរុបចំនួន ៦នាក់ ។
ជនរងគ្រោះឈ្មោះ GUO PING ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ លិខិតឆ្លងដែនលេខៈ E២១១០៨៦២៩។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Iphone X ពណ៌ខ្មៅ ។
ជនសង្ស័យចំនួន ៦នាក់ដែលកម្លាំងនគរបាលឃាត់ខ្លួនរួមមានទី១-ឈ្មោះ កែម ច័ន្ទសង្ហា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ក្រុម៧ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌចំការមន រាជធានីភ្នំពេញ ( ជនដៃដល់ ), ទី២-ឈ្មោះ ជា ច័ន្ទដេវីត ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុម៧ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌចំការមន រាជធានីភ្នំពេញ ( ជនដៃដល់ ), ទី៣-ឈ្មោះ ណារិទ្ធ រតនៈ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( សមគំនិត បិទគូថ ), ទី៤-ឈ្មោះ សែម ច័ន្ទកក្កដា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ( សមគំនិត បិទគូថ ), ៥-ឈ្មោះ តេង តូណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ផ្សារដើមផ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ( សមគំនិត រំដោះបក្ខពួក ) និងទី៦-ឈ្មោះ សុខ ជីមី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ( សមគំនិត រំដោះបក្ខពួក ) ។
វត្ថុតាងចាប់យកបាន៖ទូរស័ព្ទដៃអិនចុចពិល ០១គ្រឿង ពណ៌ខ្មៅ, ម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ពណ៌សលាយផ្កាឈូក ស្លាកលេខៈ ភ្នំពេញ 1CE-0624 ( មធ្យោបាយធ្វើសកម្មភាព ), ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BE-1584 ( មធ្យោបាយធ្វើសកម្មភាព ), ប្រអប់អាវុធខ្លី ប្រើហ្គាស ០១, ហ្គាស ០១កំប៉ុង, គ្រាប់កាំភ្លើងជ័រមូល ០២ ថង់, គ្រាប់កាំភ្លើងដែកមូល ០២ ប្រអប់។
ចំពោះអាវុធខ្លីប្រើហ្គាស ដែលជនសង្ស័យបានទម្លាក់ចោលពេលសមត្ថកិច្ចដេញចាប់ មិនទាន់រកឃើញនៅឡើយទេ សមត្ថកិច្ចយើងកំពុងបន្តស្វែងរក ។
ជនសង្ស័យទាំងទាំង៦នាក់បានសាភាពបន្ថែមថាពួកវាបានធ្វើសកម្មភាពលួចមានស្ថានទន្ងន់ទោស(ឆក់)ចំនួន៧លើកនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិស្រាល នៃស្នងការខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕