ពោធិ៍សាត់ ៖ ជនសង្ស័យឈ្មោះ សេង វិបុល ភេទប្រុសអាយុ៥០ឆ្នាំ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរសោម ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិឆាយលូក ឃុំអរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពីបទបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី នៅចំណុចភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង រួចរត់មកសម្ងំលាក់ខ្លួននៅចំណុចភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏ត្រូវសមត្ថកិច្ចនគរបាលស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាប់ឃាត់ខ្លួនតែម្តង។
លោកវរសេនីយ៍ទោ ធាង ឡេង អធិការស្រុកវាលវែងបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យឈ្មោះ សេង វិបុល គឺសមត្ថកិច្ចធ្វើឡើងតាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ និង ដោយមានការទំនាក់ទំនងល្អរវាងខេត្តពោធិ៍សាត់និងខេត្តកោះកុង សមត្ថកិច្ចនគរបាលស្រុកវាលវែងចុះធ្វើការស្រាវជ្រាវ រកឃើញជនសង្ស័យរូបនេះមកស្នាក់នៅបណ្ណោះអាសន្ននៅភូមិខាងលើអស់រយៈពេលជាង១០ថ្ងៃ ក៏ចាប់ខ្លួនតែម្តង។ ទោះជាជនសង្ស័យគេចខ្លួនយ៉ាងដូចនេះក៏ដោយក៏គេចមិនផុតពីសំណាញ់ច្បាប់បានឡើយ។
លោកធាង ឡេង បានបន្តថា ក្រោយពីការចាប់ខ្លួន ជនសង្ស័យសមត្ថកិច្ចនគរបាលស្រុកវាលវែងបានបំពេញបែបបទប្រគល់ឱ្យសមត្ថកិច្ចនគរបាលខេត្តកោះកុងទទួលយកនៅថ្ងៃទី២៤ នេះដើម្បីចាត់ការតាមផ្លូវច្បាប់រកយុត្តិធម៌ជូន ជនរងគ្រោះ ៕