ព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅវេទិកាបុណ្យជាតិ៧មករា ខេត្តព្រះសីហនុ បានប្រារឰពិធីទិវាបង្ការ និងពន្លត់អគ្គិភ័យ លើកទី៣ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គ្រប់មន្ទីរ អង្គភាពនានា ក្នុងខេត្តព្រះសីហនុ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនិង សិស្សានុសិស្ស ជាច្រើននាក់ បានចូលរួមយ៉ាងច្រើនកុះករ។
របាយការណ៍បូកសរុបការងារ បង្ការ និងពន្លត់អគ្គិភ័យ ដែលអាន រាយការណ៍ ដោយលោកឧត្តមសេនីយ៍ត្រី ប៊ួរ សុធី ស្នងការរង ទទួលការងារ អាវុធជាតិផ្ទុះ និងអគ្គិភ័យ បានឲ្យដឹងថា ក្នុងបណ្តាឆ្នាំ២០១៧ កន្លងទៅនេះ មានករណីអគ្គិភ័យ កើតឡើង ចំនួន១៩លើក ឆេះផ្ទះ៧លើក,ឆេះបន្ទប់ផ្ទះសំណាក់៣លើក, ឆេះរថយន្តកំពុងបើកបរ៣លើក, ឆេះឡក្នុងរោងចក្រ២លើក, ឆេះរោងសិប្បកម្ម១លើក, ឆេះដំបូលបឹងកាឡូ២លើក, និងឆេះបន្ទប់ខារ៉ាអូខេ១លើក។ គ្រោះថ្នាក់អគ្គិភ័យខាងលើ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និង រងរបួស៤នាក់។ ឈានចូលក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ មានអគ្គិភ័យកើតឡើងចំនួន៦លើក បណ្ដាលឲ្យស្លាប់មនុស្ស១នាក់។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា យើងទាំងអស់គ្នា សូម រួមគ្នាចូលរួម បង្ការនិង ពន្លត់អគ្គិភ័យ ទប់ស្កាត់គ្រោះមហន្តរាយកើតឡើង។
ឯកឧត្ដមសំណូមពរដល់ប្រជាពលរដ្ឋ និង បណ្តាក្រុមហ៊ុនវិស័យឯកជន សូមចូលរួមឧបត្ថម្ភគាំទ្រ ដល់ការងារ បង្ការនិងពន្លត់អគ្គិភ័យ និង ចូលរួមសំអាត អនាម័យ បរិស្ថាន ក្នុងទីក្រុងទេសចរណ៍របស់យើង ឲ្យមានសោភ័ណភាព អនាម័យ និង របៀបរៀបរយសណ្តាប់ធ្នាប់ ល្អ ដើម្បីឲ្យមានការទាក់ទាញភ្ញៀវទេសចរមកទស្សនានៅខេត្តព្រះសីហនុ របស់យើង។
ក្នុងឱកាសនោះដែរ គណៈចាត់តាំងកម្មវិធី បានធ្វើការបែងចែក ឲ្យមន្រ្តីរាជការ តាមមន្ទីរអង្គភាពនានា សិស្សានុសិស្ស និងប្រជាពលរដ្ឋ ធ្វើការសំអាតបរិស្ថាន ដើររើសសំរាម នៅតាមបណ្តោយផ្លូវសាធារណៈផងដែរ ៕