ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រមា​ន​ឱ្យ​មានការ​ចាប់​បញ្ជូន​ទៅ​តុលាការ​ចំពោះ​រថយន្ត​ដឹក​ផ្ទុក​សំពីងសំពោង​ និង​ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​រថយន្ត​ខុស​បច្ចេកទេស​

27-February-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រ​បូក​សរុប​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សន្តិសុខ​ ប្រចាំខែ​កុម្ភៈ​ លើក​ទិស​ដៅ​ការងារ​បន្ត​ របស់​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​កម្ភៈ​ ឆ្នាំ​២០១៨​។​ លោក​បាន​ប្រមា​ន​ឱ្យ​នគរបាល​ចរាចរ​ក្រោម​បង្គាប់​ត្រូវ​ចាត់វិធានការ​ចំពោះ​ម្ចាស់​រថយន្ត​ដឹក​ផ្ទុកទំនិញ​សំពីងសំពោង​ល្មើសច្បាប់​ចរាចរណ៍​ ដែល​បាន​បើកបរ​លើ​ផ្លូវ​សាធារណៈ​ ជា​ផ្នែក​មួយ​លើក​មើលឃើញ​ថា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​និង​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។​ លោក​លើក​ឡើង​ទៀត​ថា​ចាប់ពី​ពេល​នេះ​តទៅ​គឺ​ឈប់​ឱ្យ​មានការ​អប់រំ​ទៀត​ហើយពី​ព្រោះ​ការ​អប់រំ​ចំពោះ​រថយន្ត​ដឹក​ផ្ទុក​សំពីងសំពោង​ធ្វើ​ជា​ច្រើន​លើក​ច្រើន​ដង​មក​ហើយ​ ពួក​គេ​មិន​រាងចាល​ឡើយ​។​ វិធានការ​ដើម្បី​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​គឺ​មាន​តែ​បញ្ជូន​ពួក​គេ​ទៅ​តុលាការ​តែ​ម្តង​។​

លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​លើក​ឡើង​ទៀត​ថា​ ដោយឡែក​ចំពោះ​ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​រថយន្ត​នោះ​វិញ​លោក​ក៏​បាន​ប្រមា​ន​ត្រូវ​កោះ​អញ្ជើញ​ពួក​គេ​មក​ធ្វើការ​អប់រំ​និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ឱ្យ​មានការ​កែ​ច្នៃ​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​ ខុសច្បាប់​។​ បើសិន​ក្នុង​ករណី​រក​ឃើញ​ថា​ម្ចាស់​សិប្បកម្ម​នៅ​តែ​មិន​រាងចាល​បន្ត​កែ​ច្នៃ​ត​ទ្រុង​រថយន្ត​ខុស​បច្ចេកទេស​ ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ផង​ដែរ​។​

លោក​បាន​លើក​ឡើង​ទៀត​ថា​ បញ្ហា​រថយន្ត​ដឹក​សំ​ពី​សំពោង​ និង​រថយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស​បើសិនជា​មិន​មាន​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​នោះ​ទេ​ បញ្ហា​នេះ​នៅ​តែ​កើត​មាន​ជា​ដដែល​ ហើយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​បន្ត​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ មិន​អាច​ថយ​ចុះ​នោះ​ឡើយ​។​

សូម​បញ្ជាក់​ថាបើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បង្ហាញ​ឱ្យ​ដឹង​ថា​ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ សម្រាប់​ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​ខេត្តបន្ទាយមានជ័យ​ កើតឡើង​ចំនួន​១១​ករណី​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន​១៤​នាក់​និង​ទទួល​រង​របួសធ្ងន់​ស្រាល​១១​នាក់​។​ បើ​ប្រៀបធៀប​ខែកុម្ភៈ​និង​ខែមករា​ ឆ្នាំ​២០១៨​ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១១​ករណី​ស្មើគ្នា​ ប៉ុន្តែ​អត្រា​អ្នក​រង​គ្រោះ​ស្លាប់​កើនឡើង​៥​នាក់​ របួស​ធ្ង​នើ​កើន​៥​នាក់​ របួសស្រាល​ថយ​៦​នាក់​៕​

 

ចំនួនអ្នកទស្សនា

    20633567

  • ថ្ងៃនេះ9441
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75961
  • ខែនេះ191111
  • ឆ្នាំនេះ191111
  • សរុប20633567