បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យមានច្រកតំបន់ព្រំដែន២កន្លែងដែលឈ្មួញថៃទិញកសិផលមានដំឡូងមីស្ងួតនាំចេញ១ថ្ងៃមធ្យម២៥០គ្រឿង ប្រមាណជាង៦ពាន់តោន។
ជាក់ស្តែងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅច្រកតំបន់ព្រំដែនម៉ាឡៃឃើញមានរថយន្តថៃដឹកដំឡូងមីស្ងួតនាំចេញជាច្រើនគ្រឿងដែលមានការត្រួតពិនិត្យពីមន្ត្រីជំនាញនៅច្រកនាំចេញ ឃើញរថយន្តថៃដឹកដំឡូងមីស្ងួតនៅដឹកចេញពីស្តង់តាមព្រំដែលដល់ច្រកទ្វារឃើញអ្នកបើកបររថយន្តយកតង់បិតបាំងជិតមិនអោយហុយ។
មន្ត្រីគយនិងរដ្ឋាករច្រកតំបន់ព្រំដែនម៉ាឡៃបានប្រាប់ថា ច្រកទ្វារព្រំដែនម៉ាឡៃគឺទំនិញកម្ពុជាដែលនាំចេញទៅប្រទេសថៃមាននៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៨នេះ មានដូចជាដំឡូងមីស្ងួត១ថ្ងៃប្រមាណជាង១០០គ្រឿង និងមានរថយន្តដឹកអេតចាយតែទំនិញដែលនាំចូលមកកម្ពុជាមានគ្រឿងសំណង់គ្រឿងបរិភោគសម្រាប់ប្រជាពលរដ្ឋជាប់ជាយដែនទិញប្រើប្រាស់។
ដោយឡែកលោក ស សំណាង ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនបានបញ្ជាក់ថាទំនិញកម្ពុជាដែលនាំចេញទៅថៃមានដំឡូងមីស្ងួតក្នុង១ថ្ងៃប្រមាណជាង១៥០គ្រឿង ក្នុង១គ្រឿងដឹកបានប្រមាណជាង២៥តោននិងរថយន្តដឹកអេតចាយហើយទំនិញថៃនាំចូលមានគ្រឿងសំណង់និងគ្រឿងបរិភោគនិងទំនិញផ្សេងៗទៀត។
តាមព័ត៌មានដឹងពីអ្នករត់ម៉ូតូឌុបនៅច្រកទ្វារតំបន់ម៉ាឡៃបានប្រាប់ថានៅរដូវនេះរថយន្តដឹកដំឡូងមីស្ងួតនាំចេញទៅថៃ១ថ្ងៃមិនតិចជាង២៥០គ្រឿងឡើយដែលឈ្មួញថៃទិញដំឡូងមីស្ងួតក្នុង១គីឡូក្រាមតម្លៃ៦០០រៀលស្មើ១បាតកន្លះគឺតម្លៃដំឡូងមីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨នេះ តម្លៃថ្លៃជាងឆ្នាំ២០១៧កន្លងទៅ ៕