កំពង់ធំ ៖ កម្លាំងស្នងការនគរបាលខេត្តកំពង់ធំសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសុចិត្រនិងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំរីង បានធ្វើការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសជ្រៀកឈើ មួយកន្លែង "គ្មានច្បាប់អនុញ្ញាត"។
ក្នុងប្រតិបត្តិការខាងលើបានធ្វើឡើងនៅរសៀលថ្ងៃ អង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៣និង៣០នាទី នៅចំនុចភូមិ ព្រេន ឃុំ សុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។
សមត្ថកិច្ចដកហូតៈ ម៉ាស៊ីនជ្រៀកឈើ មួយគ្រឿង, ឈើក្តារប្រភេទលេខ ២(ផ្អុង, ក្ដួច, កំបោ,) ចំនួន ១០១សន្លឹក ស្មើនឹង ១,៦ម៉ែត្រគូប នឹងឈើតាប់ ឈើទាលចំនួន ២ដុំស្មើនិង០,៣ម៉ែត្រគួប។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្ចាស់ម៉ាស៊ីនឈ្មោះ ហង្ស វុន ភេទប្រុស អាយុ ២២ឆ្នាំ ប្រពន្ធឈ្មោះ ឃន សុខវន ភេទ ស្រី អាយុ ២០ឆ្នាំ រស់នៅភូមិ ព្រេន ឃុំសុចិត្រ ស្រុក សណ្តាន់ ខេត្តកំពង់ធំ ។ បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងតាមនិតិវិធី ដើម្បីចាត់ការបន្ត ៕