ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ លើកឡើងថា កងកម្លាំងនគរបាលសព្វថ្ងៃនេះកំពុងតែបោះជំហានទៅតាមសម័យកាលនៃប្រព័ន្ធបច្ចេកវិទ្យាទំនើបជឿនលឿន អញ្ចឹងហើយចាំបាច់ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់នូវវិធានច្បាប់ ដែលជាមូលដ្ឋានសម្រាប់កិច្ចការជំនាញ ។
ការលើកឡើងយ៉ាងដូច្នេះ ខណៈដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តបណ្ឌិត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការស៊ើបអង្កេតបទល្មើសក្លែងបន្លំ និងនីតិវិធីសួរចម្លើយ ដោយមានការចូលរួមពី ឯកឧត្តមប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីនគរបាលជាសិក្ខាកាមមកពីនាយកដ្ឋានចំណុះឲ្យផែនកណ្តាលសន្តិសុខ ផែនយុត្តិធម៌ ចំនួន ៤៥រូប ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ មានប្រសាសន៍ថា ការវិវត្តន៍ទៅនឹងសម័យកាលបច្ចេកវិទ្យា យើងឃើញថាបទល្មើសក៏មានការវិវត្តន៍ប្រែប្រួល អញ្ចឹងដូចជាបទល្មើសក្លែងបន្លំមួយនេះ ក៏ជាបញ្ហាមួយដែលយើងប្រើតែពាក្យប៉ុណ្ណឹង ប៉ុន្តែវាច្រើនប្រភេទដែលយើងរាប់អត់ចង់អស់ ហើយស្មុគស្មាញ។ បទល្មើសក្លែងបន្លំខ្លះវាជាលក្ខណៈសាមញ្ញ ប៉ុន្តែខ្លះវាជាបញ្ហាស្មុគស្មាញ ដូចជា ក្លែងលិខិតសាធារណៈ និងក្លែងក្រដាសប្រាក់ ពីមុននឹងប្រព័ន្ធបច្ចេកវិទ្យាវាមិនទាន់មានកម្រិតខ្ពស់ ការក្លែងបន្លំងាយឲ្យសមត្ថកិច្ចយើងស្រាវជ្រាវរកឃើញ ប៉ុន្តែដល់ឥឡូវនេះគឺវាបច្ចេកវិទ្យាខ្ពស់វាធ្វើឲ្យដូចៗបំផុត អាហ្នឹងជាបញ្ហាមួយដែលធ្វើឲ្យយើងមានការភ័ន្តច្រឡំ ហើយធ្វើឲ្យមានភាពងាយរងគ្រោះទៅដល់ប្រជាពលរដ្ឋ ដល់សង្គមទាំងមូល។
ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ថា បញ្ហាបទល្មើសក្លែងបន្លំទាំងអស់នេះ ក៏ជាបញ្ហាដែលសមត្ថកិច្ចយើងចាំបាច់ត្រូវតែសិក្សារៀនសូត្រ ហើយនិងរកវិធានការណាមួយដើម្បីអប់រំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ហើយនិងទប់ស្កាត់កុំឲ្យបទល្មើសនេះកើតមាននៅក្នុងប្រទេសកម្ពុជា ព្រោះថាយើងក៏ជាប្រទេសមួយដែលកំពុងស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចលូតលាស់ជាបណ្តើរៗ អញ្ចឹងហើយក៏បើសិនជាវាមានផលប៉ះពាល់នៃបញ្ហាបទល្មើសនៃការក្លែងបន្លំនេះ គឺវាជះឥទ្ធិពលដល់បញ្ហាសេដ្ឋកិច្ចជីវភាព និងបញ្ហាសង្គម ៕