នគរបាល​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៩​នាក់​ រស់នៅ​គ្មាន​ឯកសារ​ត្រឹមត្រូវ​

02-March-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ ជនជាតិ​វៀតណាម​១៩​នាក់​ក្នុង​នោះ​មាន​ស្រី​៣​នាក់​ផង​ដែរ​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្មាន​ឯកសារ​ត្រឹមត្រូវ​ នៅ​ថ្ងៃ​សុក្រ​ ១​រោច​ ខែ​ផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ០៩​និង​៣០​នាទី​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​បាន​ឲ្យ​ដឹង​ថា​ដោយ​បានការ​អនុញ្ញាត​ពី​ លោក​ឧត្ដមសេនីយ៍ទោ​ ស្នងការ​រង​ទទួល​ផែន​អន្ដោរ​ប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ ដឹកនាំ​ដោយ​ លោក​អនុសេនីយ៍ឯក​ វង្ស​ ខេមរា​ ជា​នាយ​រង​ការិយាល័យ​ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន​ មានការ​ដឹកនាំ​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក​ លឹ​ម​ ស៊ា​ង​ហៃ​ ក្រឡាបញ្ជី​ ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ ដែល​លួច​ឆ្លង​ដែន​និង​កំពុង​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​ស្ថិត​នៅ​សិប្បកម្ម​ឈើ​ និង​អាជីវកម្ម​ផ្សេងៗ​ សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​។​

លោកនាយ​ការិយាល័យ​បន្ត​ថា​ជា​លទ្ធផល​ ពិនិត្យ​ឃើញ​មាន​ ជនជាតិ​វៀតណាម​ សរុប​ចំនួន​១៩​នាក់​ (​ស្រី​០៣​នាក់​)​ គ្មាន​លិខិតឆ្លងដែន​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20633177

  • ថ្ងៃនេះ9051
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75571
  • ខែនេះ190721
  • ឆ្នាំនេះ190721
  • សរុប20633177