បន្ទាយមានជ័យ ៖ អំឡុងដើមឆ្នាំ២០១៨គេឃើញសកម្មភាពរថយន្តដឹកឈើប្រណិតដាក់តាមដេប៉ូក្នុងក្រុងសិរីសោភ័ណយ៉ាងគគ្រឹកគគ្រេងមន្ត្រីជំនាញថាជាឈើមានច្បាប់។
ជាក់ស្តែងឃើញមានរថយន្តធុនធំ១គ្រឿងដែលជាកំពូលឈ្មួញរកស៊ីឈើប្រណិតនៅពាយ័ព្យនៃប្រទេសកម្ពុជាដែលបានស្គាល់ឈ្មោះ រិទ្ធ ដែលកំពុងទម្លាក់ឈើប្រណិតនៅដេប៉ូឈ្មោះ យាយ ម៉ៅ នៅខាងលិចរង្វង់មូលស្រីគ្រប់ល័ក្ខ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅអំឡុងដើមឆ្នាំ២០១៨នេះ ឃើញសកម្មភាពឈ្មួញបានដឹកឈើប្រណិតយ៉ាងគគ្រឹកគគ្រេ ងរាល់យប់ចូលទម្លាក់តាមដេប៉ូក្នុងក្រុងសិរីសោភ័ណ ដែលភាគច្រើនជារថយន្តធុនធំប្រភេទយីឌុបដែលដឹកមកទម្លាក់តាមដេប៉ូឈើដោយមិនញញើតនិងច្បាប់ឡើយ។
ឈើប្រណិតដែលឈ្មួញឈើដឹកមកទម្លាក់តាមដេប៉ូឈើក្នុងខេត្តបន្ទាយមានជ័យនេះឈ្មួញឈើឈ្មោះ រិទ្ធ ដឹកឈើប្រណិតពីខេត្តព្រះវិហារឆ្លងកាត់ខេត្តឧត្តរមានជ័យចូលមកទម្លាក់តាមដេប៉ូឈើក្នុងក្រុងសិរីសោភ័ណ។
ទាក់ទិនព័ត៌មានរថយន្តធុនធំដឹកឈើប្រណិតយ៉ាងគគ្រឹកគគ្រេងចូលមកខេត្តបន្ទាយមានជ័យរាល់យប់អ្នកយកព័ត៌មានធ្លាប់បានជួបតាមទូរស័ព្ទជាមួយឈ្មោះ រិទ្ធ ដែលជាឈ្មួញឈើបានប្រាប់ថា ឈើដែលដឹកមកទម្លាក់តាមដេប៉ូក្នុងខេត្តបន្ទាយមានជ័យនេះជាឈើមានច្បាប់ហើយដឹកមិនអោយលើសច្បាប់ឡើយព្រោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស់អោយកាត់ទ្រុងរថយន្តទើបមិនហ៊ានដឹកលើសហើយឡើយត្រឹមត្រូវតាមច្បាប់។
អ្នកយកព័ត៌មានបានទំនាក់ទំនងទៅលោក ជា ផល្លី នាយខ័ណ្ណរដ្ឋបាលព្រៃឈើបន្ទាយមានជ័យនៅថ្ងៃទី០២ ខែមីនា ឆ្នា២០១៨នេះ ដែរតែមិនអាចធ្វើការទំនាក់ទំនងបានឡើយតែមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើសិរីសោភ័ណបានបញ្ជាក់ថា ឈើដែលឈ្មួញដឹកដាក់តាមដេប៉ូក្នុងក្រុងសិរីសោភ័ណនេះគឺជាឈើមានច្បាប់ត្រឹមត្រូវនិងដឹកមិនអោយលើសច្បាប់ឡើយ។
គួររំឮកថា រយៈពេលកន្លងមកប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាមានដាក់វិធានការបង្ក្រាបបទល្មើសព្រៃឈើល្មើសច្បាប់នៅព្រំដែនខាងជើងនិងខាងកើត។ តែដើមឆ្នាំ២០១៨នេះឃើញឈ្មួញដឹកឈើប្រណិតយ៉ាងគគ្រឹកគគ្រេងរាល់យប់ដាក់តាមដេប៉ូឈើក្នុងខេត្តបន្ទាយមានជ័យដោយមិនញញើតនិងច្បាប់ឡើយដោយមិនដឹងឈ្មួញអាងអំណាចអីហ៊ានដឹកឈើប្រណិតដែលជាបទល្មើសព្រៃឈើដែលរាជរដ្ឋាភិបាលកម្ពុជាហាមឃាត់ហើយហ៊ានធ្វើសកម្មភាពយ៉ាងរលូតរាល់យប់ចូលមកខេត្តបន្ទាយមានជ័យដែលគេបានដឹងថា មានអ្នករត់ការអោយឈ្មួញឈ្មោះ រិទ្ធ ដែលឈ្មួញឈើតែសង្ឃឹមថា ថ្នាក់ដឹកនាំនិងសមត្ថកិច្ចជំនាញមិនបណ្តែតបណ្តោយអោយឈ្មួញដឹករកស៊ីឈើដឹកយ៉ាងគគ្រឹកគគ្រេងដែលប៉ះពាល់ដល់ព្រៃធម្មជាតិអាចហិនហោចបាន ៕