កោះកុង ៖ មន្ត្រីកាំកុងត្រូល ប្រចាំច្រកអន្តរជាតិចាំយាមប្រចាំខេត្តកោះកុង បានរងនូវការចោទថា បានឃុបឃិតជាមួយ ឈ្មួញនាំចូលទំនិញខូចគុណភាពរាប់សិបតោនពីប្រទេសថៃ យកមកចរាចរណ៍នៅក្នុងខេត្ត និងនៅរាជធានីភ្នំពេញ រួមទាំងបណ្តាខេត្តជាប់គ្នាមួយចំនួនទៀត។
ប្រជាពលរដ្ឋក្នុងខេត្តកោះកុង សុទ្ធតែបានចោទថា មន្ត្រីកាំកុងត្រូល ប្រចាំច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង បានឃុបឃិតយ៉ាងទុច្ចរិតឲ្យឈ្មួញនាំចូលសាច់ខូចគុណភាពដល់ទៅរាប់សិបតោនក្នុងមួយ ថ្ងៃៗ យកមកលក់នៅកម្ពុជា ដោយមិនបានគិតគូរដល់សុខភាពអ្នកទទួលទាននោះឡើយ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាយ៉ាងហោចណាស់គ្រឿងក្នុងមាន់ ស្លាប ជង្គង់មាន់ និងប្រហិតខូចគុណភាពចន្លោះពី ១តោន ទៅ ២តោន ត្រូវបានសមត្ថកិច្ចគយកាំកុងត្រូល អនុញ្ញាតឲ្យនាំចូលតាមច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងយ៉ាងគគ្រឹកគគ្រេងដដែល ដោយថា ទោះបីមុខទំនិញមួយនេះ ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមរឹតបន្តឹងនៅតាមច្រកព្រំដែននានាទូទាំងប្រទេសក៏ដោយ។
តាមចម្លើយក្រុមឈ្មួញបញ្ជាក់ថា ពួកគេបានបង់លុយឲ្យ មន្ត្រីកាំកុងត្រូលប្រចាំខេត្តនិងច្រកចាំយាមរួចហើយ ហើយថែមទាំងដាក់ខែទៀត ។
លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលប្រចាំច្រកចាំយាម មិនអាចសុំការបំភ្លឺ ទាក់ទង ករណីនេះ នៅឡើយទេ ដោយសារតែទូរស័ព្ទចូលតែគ្មានអ្នកលើក ។
ប៉ុន្តែប្រជាពលរដ្ឋបាន លើកឡើងថា ករណីនេះកើតមានយូរហើយ ហើយមន្ត្រីកាំកុងត្រូលម្នាក់ៗ ប្រមូលលុយដាក់ ហោប៉ៅឆ្អែតគ្រប់ៗ គ្នា ជាមួជាមួយក្រុមឈ្មួញ ទាំងនោះ ។
ប្រជាពលរដ្ឋអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត សំខាន់មន្ត្រីកាំកុងត្រូលថ្នាក់លើ មេត្តា ពង្រឹងការងារកូនចៅនៅខេត្តកោះកុងផង ព្រោះថា ក្រៅពីប្រព្រឹត្តិអំពើពុករលួយហើយនោះ ពួកគេនៅមានកំហុសមួយទៀត គឺឃុបឃិតបំផ្លាញសុខភាព ឬសម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលទទួលទានសាច់ខូចគុណភាពទាំងនោះ ៕