លោក​ សូ​ ចាន់​ណា​រី​ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១​សំបួរ​រឿងអាស្រូវ​ពុក​រលួយ​ជា​ច្រើន​ត្រូវ​បាន​លាតត្រដាង​

03-March-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​លួច​បង្ហើប​សារព័ត៌មាន​យើង​ថា​លោក​ សូ​ ចាន់​ណា​រី​ មេ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៩១១​ ល្បីល្បាញ​យ៉ាង​ ខ្លាំង​ក្នុង​ការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ និង​ទំនិញ​ខុសច្បាប់​តាម​ច្រករបៀង​ជា​ច្រើន​កន្លែង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

លោក​ សូ​ ចាន់​ណា​រី​ កំពុង​ល្បីល្បាញ​ខាង​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ពី​ទឹកដី​ថៃ​ចូល​ទឹកដី​កម្ពុជា​ស្រេច​តែ​អំពើ​ចិត្ត​តាម​ច្រករបៀង​ដែល​ខ្លួន​គ្រប់គ្រង​។​

​លោក​ សូ​ ចាន់​ណា​រី​ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ គឺ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ផង​ដែរ​។​ ប្រសិនបើ​គ្មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទេ​ គឺ​លោក​ សូ​ ចាន់​ណា​រី​ មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៩១១​ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វ​ថ្ងៃនេះ​ទេ​ ព្រោះ​អាច​ប្រឈម​នឹង​វិធានការ​ពី​ថ្នាក់លើ​ជា​មិន​ខាន​។​

​រឿងអាស្រូវ​ពុក​រលួយ​របស់​លោក​ សូ​ ចាន់​ណា​រី​ មេបញ្ជាការ​នគរបាល​អង្គភាព​វរៈ​ការពារ​ព្រំដែន​លេខ​៩១១​ ក្នុង​ការ​រកស៊ី​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​និង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​ខុសច្បាប់​ ទំនិញគេចពន្ធ​ត្រូវ​បាន​បើក​កកាយ​ជា​បន្តបន្ទាប់​។​ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​លោក​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​លោក​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ មិន​ទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​ហើយ​បណ្ដោយ​ឲ្យ​លោក​ សូ​ ចាន់​ណា​រី​ ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​ ដូច្នេះ​ហើយ​ទើប​លោក​ សូ​ ចាន់​ណា​រី​ នៅ​តែ​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​បន្តសកម្មភាព​រកស៊ី​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ រថយន្ត​គេចពន្ធ​ ក៏​ដូច​ជា​ឃុបឃិត​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ មន្ត្រី​គយ​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ចាប់​រថយន្ត​គេចពន្ធ​១​គ្រឿង​ម៉ាក​តូ​យូ​តា​ហ៊ី​លុ​ច្ស​រី​វ៉ូ​ ស៊េរី​ឆ្នាំ​២០១៧​ ១​គ្រឿង​យក​ទៅ​ទុក​នៅ​ស្នាក់​ការ​គយ​ក្រុង​ប៉ោយ​ប៉ែ​ត​។​ ក៏​ប៉ុន្តែ​សមត្ថកិច្ច​គយ​ចាប់​រថយន្ត​គេចពន្ធ​នោះ​បាន​តែ​មួយស្របក់​ក៏​ដោះ​លែង​វិញ​ ក្រោយ​ពេល​ដឹង​ថា​រថយន្ត​គេចពន្ធ​នោះ​ជា​របស់​លោក​វរសេនីយ៍ឯក​ សូ​ ចាន់​ណា​រី​ មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៩១១​។​ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹង​ថា​លោក​ សូ​ ចាន់​ណា​រី​ បាន​ទិញ​រថយន្ត​ពី​ស្រុក​សៀម​១​គ្រឿង​ម៉ាក​ហ្វ័​រ​ធូ​ន​ ពាក់​ស្លាក​លេខ​ថៃ​ ដើម្បី​ជា​របាំង​សម្រាប់​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​និង​រថយន្ត​គេចពន្ធ​ពី​ទឹកដី​ថៃ​ចូល​ទឹកដី​ខ្មែរ​។​ តាម​រយៈ​ទ​ង្វើ​បែប​នេះ​លោក​ សូ​ ចាន់​ណា​រី​ អាច​រក​ប្រាក់​ចំណេញ​ពី​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ និង​រថយន្ត​គេចពន្ធ​១​គ្រឿង​ប្រមាណ​៣​ពាន់​ដុល្លារ​។​

​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​នគរបាល​តូចតាច​នៅ​ក្នុង​អង្គភាព​វរៈ​ការពារ​ព្រំដែន​លេខ​៩១១​ បាន​ឲ្យ​ដឹង​ថា​ លោក​ សូ​ ចាន់​ណា​រី​ តែងតែ​ដោះ​ដូរ​ស្លាក​លេខ​ថៃ​ពី​រថយន្ត​ស្របច្បាប់​របស់​គាត់​ទៅ​បំពាក់​លើ​រថយន្ត​គេចពន្ធ​ ហើយ​បើក​ពី​ទឹកដី​ថៃ​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ដែល​គ្របគ្រង​ដោយ​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​៩១១​។​

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​ ថ្ងៃ​ខ្លះ​លោក​ សូ​ ចាន់​ណា​រី​ នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ពី​៣​គ្រឿង​ដល់​៥​គ្រឿង​ ហើយ​ក្នុង​១​គ្រឿង​អាច​ចំណេញ​លុយ​ពី​៣០០០​ដុល្លារ​ទៅ​៥០០០​ដុល្លារ​យ៉ាង​ស្រួលៗ​តែ​ម្តង​។​ ករណី​មន្ត្រី​គយ​ចាប់​រថយន្ត​គេចពន្ធ​របស់​លោក​ សូ​ ចាន់​ណា​រី​ ១​គ្រឿង​កាលពី​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ប្រហែល​ដោយសារ​លោក​ សូ​ ចាន់​ណា​រី​ ចង់​ស៊ីដាច់​មន្ត្រី​គយ​ ក៏​ប៉ុន្តែ​ក្រោយ​មានការ​សម្របសម្រួល​ទើប​រថយន្ត​គេចពន្ធ​នោះ​ត្រូវ​បាន​ដោះ​លែង​វិញ​ភ្លាមៗ​។​ បញ្ហា​នេះ​គឺជា​រឿង​ដែល​នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ មិន​គួរ​មើល​រំលង​តទៅ​ទៀត​ទេ​ ព្រោះ​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹង​ថា​ ការ​ដែល​លោក​ សូ​ ចាន់​ណា​រី​ អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដែល​ល្បីល្បាញ​ខាង​ពុក​រលួយ​ជា​យូរ​មក​ហើយ​។​

ជាង​នេះ​ទៅ​ទៀត​ការ​ដែល​លោក​ សូ​ ចាន់​ណា​រី​ អាច​នាំ​ចូល​រថយន្ត​គេចពន្ធ​និង​រថយន្ត​ចង្កូត​ស្ដាំ​ក្នុង​១​ខែៗ​ជា​ច្រើន​គ្រឿង​ គឺ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ផង​ដែរ​ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​យ៉ាង​រលូន​៕

 

ចំនួនអ្នកទស្សនា

    20632857

  • ថ្ងៃនេះ8731
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75251
  • ខែនេះ190401
  • ឆ្នាំនេះ190401
  • សរុប20632857