ភ្នំពេញ ៖ នៅថ្ងៃច័ន្ទ ៤រោច ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅទីរួមខេត្ត សៀមរាប ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា សាលាផ្សព្វផ្សាយស្តីពីវឌ្ឍនៈភាពការងារឆ្នាំ២០១៧ និងផែនការសកម្មភាពកម្មវិធីកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈការ ដំណាក់កាលទីបី ឆ្នាំ២០១៨ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រូបង្គោល និងសិក្ខាកាមដែលជាមន្ត្រីរាជការនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សៀមរាបប្រមាណ១០០នាក់។
សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបង្កើនចំណេះដឹង ការគាំទ្រ និងការចូលរួម ចំណែកយ៉ាងសកម្មពីគ្រប់អង្គភាពក្រោមឱវាទក្រសួង ក៏ដូចជាដើម្បីឱ្យមន្ត្រីក្រោមឱវាទក្រសួងអាច ទទួលបានចំណេះដឹងពាក់ព័ន្ធនឹងវឌ្ឍនភាពការងារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនអង្គសិក្ខាកាមផងដែរ អំពីរចនាសម្ព័ន្ធអង្គការ លេខថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលតាកតែងឡើងមានគោលបំណងដើម្បីជួយធ្វើ ឱ្យកំណែទម្រង់ជម្រៅរបស់ក្រសួងអាចសម្រេចបាននូវភាពប្រសិទ្ធភាពការងារ បង្ហាញពីទម្រង់ការ និងនីតិវិធីបំពេញការងារប្រកបដោយតម្លាភាពជូនប្រជាពលរដ្ឋ ជាពិសេសបង្កើនការជឿទុកចិត្តពីសំណាក់អ្នកស្វែងរកសេវាសាធារណៈផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរអំពីសមិទ្ធិផលសម្រេចបានក្នុងឆ្នាំ២០១៧កន្លងមក ក្រោមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួង ដែលក្នុងនោះរួមមាន៖ ការជំរុញលើកទឹកចិត្តការសាងសង់ ជួស ជុល ថែទាំផ្លូវនៅពេលយប់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ពេលថ្ងៃ ការដាក់ឱ្យដំណើរការ មណ្ឌលប្តូរ និងពន្យារ បណ្ណបើកបរនៅផ្សារទំនើបអ៊ីអនម៉ល ការរៀបចំបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់សេវាសាធារណៈ ប្រព័ន្ធចេញស្លាលលេខសម្គាល់យានយន្តថ្មី ការពង្រីកការផ្តល់សេវា ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងកំណែទម្រង់មួយចំនួនផ្សេងទៀត។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ សួង ហេង បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ ការពន្យល់របស់គ្រូបង្គោល និងក្រេបជញ្ជក់យកចំណេះដឹងដែលមានប្រយោជន៍ទាំងនោះទៅប្រើប្រាស់ ក៏ដូចជាជួយផ្សព្វផ្សាយបន្តនៅក្នុងអង្គភាពរបស់ខ្លួនឱ្យបានទូលំទូលាយ បណ្តុះគំនិតនិងឆន្ទះទទួល ខុសត្រូវរបស់ខ្លួនដើម្បីសម្រេចចក្ខុវិស័យយូរអង្វែង ៕