សៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ទៅតាមបណ្តឹងជនរងគ្រោះករណីជួលរថយន្តរួចយកទៅលក់ដើម្បីបានលុយយកទៅលេងល្បែងកាស៊ីណូប៉ោយប៉ែត។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិទ្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលបន្ទុកកណ្តាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី០៥ ខែមិនានេះថា កម្លាំងនគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ទៅតាមបណ្តឹងជនរងគ្រោះករណីជួលរថយន្តរួចយកទៅលក់។
លោកបន្តថា ជនសង្ស័យរូបនេះមានឈ្មោះ អៀង វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិ ជ្រៃ ឃុំកណ្តែក ស្រុកប្រាសទបាគង ខេត្តសៀមរាប។ ជននេះ បានឆបោក ដោយជួលរថយន្តគេយកទៅលក់។ ដំណើររឿង នៅម៉ោង១៦និង០០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិត នៅភូមិទ្សិណខាងត្បូងសង្កាត់គោកចក ក្រុងសៀមរាប មានករណីឆបោកលើជនរងគ្រោះ ឈ្មោះ អៀម ចិន្នា ភេទស្រី អាយុ៣៥ឆ្នាំ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ អៀង វាសនា បានធ្វើសកម្មភាពប្រើល្បិច មកជួលរថយន្តម៉ាកហាយឡិនឌឺពណ៌ទឹកមាសលេខតួJTEG1D21QA740092358លេខម៉ាស៊ីន2AZ1395947 ស្លាកលេខ សៀមរាប 2A-8559 សេរី២០០៤ ចំនួនមួយគ្រឿងតម្លៃជួល៦០០ដុល្លារ ក្នុងមួយខែ ហើយបានបងថ្លៃជួលមុន ក្រោយពេលជួលរថយន្តបានឈ្មោះ អៀង វាសនា បើករថយន្តនោះទៅលក់បានតម្លៃចំនួន១៣៥០០ដុល្លារ (មួយម៉ឺនបីពាន់ប្រាំរយដុល្លារ)ហើយបានលុយទៅលេងល្បែងនៅកាស៊ីណូ ក្រុងប៉ោយប៉ែត រហូតរហូតដល់អស់ប្រាក់លក់រថយន្ត។ រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ទើបម្ចាស់រថយន្ត បានធ្វើដំណើទៅតាមផ្លូវ៦០ម៉ែត្រឃើញរថយន្តខ្លួនដាក់តាំងលក់ ខ្លួនបានមកប្តឹងរាយការណ៍ដល់យើងតែម្តង។
បន្ទាប់ពីនគរបាលជំនាញសាកសួររួច ជនសង្ស័យបានសារភាព ពីកំហុសរបស់ខ្លួន ហើយបច្ចុប្បន្ននេះកម្លាំងនគរបាលកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ចំណែកប្រភពមួយបានឲ្យដឹងថាជនសង្ស័យខាងលើនេះធ្លាប់បានជួលឡានដើម្បីទៅបញ្ចាំនិងលក់ អស់ជាច្រើនគ្រឿងផងដែរ ៕