កោះកុង ៖ ឯកឧត្តម កៅ ខុនដារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុង និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្តល់កិត្តិយសចូលជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តកោះកុង នៅថ្ងៃច័ន្ទ ៤រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជំទាវអភិបាលខេត្ត អភិបាលរង ក្រុមប្រឹក្សាខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អភិបាល ប្រធានក្រុមប្រឹក្សា ក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក អាវុធហត្ថក្រុង-ស្រុក សង្កាត់-ឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ-សង្កាត់ សរុប២០០នាក់ នៅមហោស្រពកោះកុង។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងស្វាគមន៍ និងរបាយការណ៍ជូនគណៈអធិបតី និងអ្នកចូលរួមទាំងអស់ដោយបានបង្ហាញពីការខិតខំតស៊ូប្រឹងប្រែងរួមគ្នារវាងរដ្ឋបាលខេត្តក្រុងស្រុកឃុំសង្កាត់និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្នុងការបំពេញការងារជូនប្រជាពលរដ្ឋទាំងសេវាសាធារណៈ និងសុខសន្តិភាពបានយ៉ាងល្អ។
ក្នុងឱកាសនោះ ឯកឧត្តម កៅ ខុនដារ៉ា បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះគណៈអភិបាលខេត្ត បញ្ជាការឯកភាពខេត្ត កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកន្លងមកនេះបានយកចិត្តទុកដាក់ដឹកនាំ និងចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងខេត្តបានយ៉ាងល្អប្រសើរ ពិសេសការរក្សាស្ថិរភាព និងសន្តិសុខក្នុងពេលនៃការអនុវត្តសាលដីការតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានាពេលកន្លងមក។
ទន្ទឹមនឹងនោះ ឯកឧត្តម កៅ ខុនដារ៉ា បានថ្លែងបន្តដោយបានធ្វើការកត់សម្គាល់នូវបញ្ហាមួយចំនួនដែលកើតមានក្នុងភូមិសាស្ត្រខេត្តដូចជាៈ បញ្ហាបូបខ្សាច់លុបព្រៃកោងកាង បញ្ហានេសាទ បញ្ហាដីធ្លី ព្រៃឈើ បញ្ហាសតិអារម្មណ៍ប្រជាជននៅស្រុកគីរីសាគរ និងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលត្រូវលើកយកមកពិនិត្យ ពិភាក្សា ដោះស្រាយ។
ជាមួយគ្នានោះ ឯកឧត្តម កៅ ខុនដារ៉ា បានធ្វើការណែនាំនូវចំណុចមួយចំនួនមានជាអាទិ៍ ១.បញ្ហានយោបាយ ២.ការរក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ ៣.បំផុសឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៤.បន្តការធ្វើអត្តសញ្ញាណប័ណ្ណថ្មីសញ្ជាតិខ្មែរជូនដល់ប្រជាពលរដ្ឋដែលគ្រប់អាយុឲ្យបានគ្រប់គ្នា ៥.ក្រុមការងារគ្រប់ថ្នាក់ត្រូវបន្តធ្វើសកម្មភាពតាមមូលដ្ឋានរបស់ខ្លួនឱ្យបានសកម្មនិងមានប្រសិទ្ធភាព តាមដានវឌ្ឍនភាពដំណោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋតាមឃុំ សង្កាត់នីមួយៗ ៦.បន្តខិតខំប្រឹងប្រែងដោះស្រាយសំណូមពរនិងក្តីកង្វល់របស់ប្រជាពលរដ្ឋ ៧.ត្រូវបន្តចូលរួម និងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ៨.បន្តពង្រឹងនិងពង្រីកប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែសកម្មថែមទៀត ៩.លុបបំបាត់កុងត្រូលជជុះ ១០.ការងារដោះស្រាយបញ្ហាដីធ្លី ចេញបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋ ។
ជាទ្រនាប់ដៃ ឯកឧត្តម កៅ ខុនដារ៉ា បាននាំយកថវិកាឧបត្ថម្ភប្រគល់ជូន ១.រដ្ឋបាលខេត្តរៀបចំពិធី ២លានរៀល ២.ស្នងការដ្ឋាននគរបាលខេត្ត ៥០ម៉ឺនរៀល ៣.បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ៥០ម៉ឺនរៀល ៤.ក្រុង ស្រុក ទាំងប្រាំពីរ ក្នុង១ក្រុង ស្រុកទទួលបាន ៥០រៀល ៥.ឃុំ សង្កាត់ ចំនួន២៩ ក្នុង១ឃុំ សង្កាត់ ទទួលបាន ៤០ម៉ឺនរៀល ៕