ភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីរស់នៅគ្មានឯកសារត្រឹមត្រូវ នៅថ្ងៃអង្គារ៍ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០៩និង១០នាទី។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានឲ្យដឹងថាដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយ លោកអនុសេនីយ៍ឯក វង្ស ខេមរា ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន សម្របសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ស្ថិតនៅសិប្បកម្មឈើ សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
លោកវរសេនីយ៍ទោ នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានបន្តថាជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន១២នាក់ (ស្រី០១នាក់) គ្មានលិខិតឆ្លងដែន ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕