កំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបាន ជនសង្ស័យកាប់ជាច្រើនពូថៅ បណ្តាលឲ្យរងរបួសធ្ងន់សង្ស័យពាក់ព័ន្ធករណីមនុស្សឃាត។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៨និង១០នាទី។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឃួន ចាន់ ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ កសិកររស់នៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ត្រូវបានជនមិនស្គាល់អត្ដសញ្ញាណ ពាក់ម៉ាសរុំក្រម៉ា ធ្វើសកម្មភាពស្ទាក់កាប់ជនរងគ្រោះនៅចំណុចថ្លុកកក់ ខាងជើងភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច បណ្តាលឲ្យរងរបួសដៃខាងឆ្វេង និងផ្ទៃមុខ ជនរងគ្រោះរបួសជាទម្ងន់ ត្រូវបានលោកមេឃុំ នគរបាលប៉ុស្តិ៍ដំបូករូង សាច់ញាតិក្រុមគ្រួសារជនរងគ្រោះធ្វើការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ភ្លាមៗ។
សមត្ថកិច្ចបានបន្តថាមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូនៅតាមផ្លូវលំក្រាលគ្រួសក្រហម ត្រឡប់មកពីយកអាគុយសាក នៅភូមិ កូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ មូលហេតុផ្ដើមចេញពីគំនុំផ្ទាល់ខ្លួនរវាងជនរងគ្រោះនិងជនសង្ស័យយូរថៃ្ងមកហើយ ក្រោយកើតហេតុ ដោយបានការដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការរង ជំនាញខេត្ដ ស្រុកបានបើកប្រតិបត្ដិការស្រាវជ្រាវបន្ទាន់តាមចាប់មុខសញ្ញាសង្ស័យខាងលើបានម្នាក់ឈ្មោះ សៀង ឈឺន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិព្រះខែ ឃុំដំបូករូង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០៨ និង៣០នាទី បានដឹកជនសង្ស័យទៅចង្អុលបង្ហាញវត្ថុតាងពូថៅដៃ ទុកនៅក្នុងកេសក្រដាស សំបកឡាំងទឹកសុទ្ធនៅកន្លែងតូបលក់ដូរ ផ្ទះជនសង្ស័យតែម្ដង។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកពូថៅកាប់លើជនងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅ ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធី ៕