បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យបានបំបែកសំណុំរឿងឃាតកម្មទៅលើបុរសម្នាក់នៅស្រុកព្រះនេត្រព្រះជិត២ឆ្នាំមុន។ ឃាតកដែលជាជនសង្ស័យត្រូវបានសមត្ថកិច្ចវែកមុខរកឃើញជាកូនប្រុសបង្កើតជនរងគ្រោះ និងមានការលាក់បាំងពីម្តាយរបស់ជនសង្ស័យ ដោយសារតែជនសង្ស័យជាកូនបានខឹងនិងឪពុកផឹកស្រាស្រវឹងបម្រុងយកកាំបិតចាក់និងកាប់ទៅលើម្តាយរបស់ខ្លួនដែលត្រូវជាប្រពន្ធជនរងគ្រោះនោះ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សូ វុធ អាយុ២៩ឆ្នាំ រស់នៅភូមិភូមិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបានរងការចាប់ខ្លួន កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យក៏ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យ នាំយកធ្វើតម្រាប់អំពីសកម្មភាពដែលរូបគេបានសម្លាប់ឪពុកនិងយកសពដឹកតាមគោយន្តក្រវ័ត្នចោលនៅចំណុចព្រៃមួយកន្លែងកណ្តាលវាលស្រែ នៅចម្ងាយពីភូមិ៣០គីឡូម៉ែត្រ។
ការបង្ក្រាបចាប់ខ្លួនជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌអំពើឃាតកម្មអាថ៌កំបាំងរយៈពេលជិត២ឆ្នាំមុននោះដោយក្រោមការអនុវត្តតាមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានចាត់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសហការជាមួយនិងនគរបាលស្រុកព្រះនេត្រព្រះ លោកអធិការវរសេនីយ៍ទោ មាស រិទ្ធី ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវស៊ើបអង្កេតជាប្រចាំ ទើបកម្លាំងនគរបាលឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យនិងធ្វើការឃាត់ខ្លួនតែម្តង។
បើយោតាមរបាយការណ៍ស៊ើបអង្កេតសំណុំរឿងនេះ របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញថាកាលពីវេលាម៉ោង១០យប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានឈ្មោះ និប អឺត ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ចេញមកពិធីឡើងផ្ទះថ្មីរបស់អ្នកភូមិជាមួយគ្នាដោយផឹកស្រាស្រវឹង ហើយមកដល់ផ្ទះឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះ អាន តឹក អាយុ៥៧ឆ្នាំ និងកូនប្រុសឈ្មោះសូ វុធ អាយុ២៩ឆ្នាំ។ បន្ទាប់ពីពេលនោះមកស្រាប់តែអ្នកភូមិបាត់ជនរងគ្រោះ និប អឺត មិនដឹងទៅណា ដោយស្ត្រីជាប្រពន្ធជនរងគ្រោះនិងកូនប្រុសអះអាងប្រាប់អ្នកភូមិថាឪពុកនិងប្តី របស់ខ្លួនទៅធ្វើការនៅទីក្រុងភ្នំពេញទាំងយប់បាត់ហើយ។ លុះរំលងរយៈពេលជិតមួយឆ្នាំគឺនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ មានអ្នភូមិម្នាក់ បានដើរដាក់អង្គុបរកសត្វកណ្តុរ ក៏បានប្រទះឃើញគ្រោងឆ្អឹងសាកសពមួយនិងសម្លៀកបំពាក់ជាប់ខ្លួន នៅចំណុចវាលស្រែខាងលិចបឹងខ្លាស្លាប់ ហើយក៏បានរាយការណ៍ទៅអាជ្ញាធរភូមិ និងសមត្ថកិច្ចពាក់ព័ន្ធចុះមកត្រួតពិនិត្យ។
របាយការណ៍ដដែលបានបង្ហាញឱ្យដឹងទៀតថា ក្រោយប្រទះឃើញគ្រោងឆ្អឹងសាកសពនោះហើយ សមត្ថកិច្ចក៏ដូចជាអ្នកភូមិនាំគ្នាសង្ស័យថាជាសាកសពជនរងគ្រោះឈ្មោះ និប អឺត ដែលអ្នកភូមិចំណាំទៅលើសម្លៀកបំពាក់ជនរងគ្រោះ។ ប៉ុន្តែ នៅពេលនោះប្រពន្ធជនរងគ្រោះនិងកូនប្រុសបង្កើតជាជនសង្ស័យ ឆ្លើយបដិសេដប្រាប់សមត្ថកិច្ចនិងអ្នកភូមិថា សាកសពនោះមិនមែនជាប្តីនិងឪពុករបស់ខ្លួនឡើយ។ ទោះបីមានការបដិសេដពីសំណាក់ជនសង្ស័យម្តាយនិងកូននោះក៏ដោយ សមត្ថកិច្ចបាននិងបន្តស្រាវជ្រាវស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ ហើយនៅថ្ងៃខាងលើក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យជាកូនប្រុស និងម្តាយ យកមកសាកសួរ។ នៅចំពោះសមត្ថកិច្ចជនសង្ស័យជាកូនប្រុសឈ្មោះ សូ សាវុធ ក៏បានឆ្លើយសារភាពទទួលកំហុសថារូបគេពិតជាបានសម្លាប់ឪពុករបស់ខ្លួនដោយអចេតនា ដោយសារខឹងឪពុករូបនោះផឹកស្រាស្រវឹងមករឿងម្តាយរបស់ខ្លួនបម្រុងយកកាំបិតកាប់និងចាក់ម្តាយដែលជាប្រពន្ធជនរងគ្រោះ ទើបរូបគេច្រានឪពុកជនធ្លាក់ពីលើផ្ទះបាក់ក ហើយជុងនិងកាំបិតចុងស្រួច រហូតដល់ស្លាប់។ ក្រោយពីកើតហេតុការណ៍នោះហើយរូបគេក៏យកសពឪពុកទៅចោលកាត់យប់នៅព្រៃមួយកន្លែងកណ្តាលវាលស្រែចម្ងាយពីភូមិ៣០គីឡូម៉ែត្រ។
ក្រោយពីជនសង្ស័យសារភាពកម្លាំងនគរបាលការិយាល័យជំនាញខេត្តក៏បានកសាងសំណុំរឿងជនសង្ស័យជាកូនប្រុសដៃដល់ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ចំណែកម្តាយបង្កើតក៏មានការួមចំណែកពីបទផ្សំគំនិតបិទបាំងមិនរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុន្តែដោយយោងស្ថានភាពស្ត្រីជាម្តាយមានអាការៈជំងឺប្រចាំកាយធ្ងន់ធ្ងរ ស្ថាប័នតុលាការក៏បានយោគយល់បានអនុញ្ញាតឱ្យស្ត្រីជាម្តាយត្រឡប់ទៅផ្ទះវិញ៕