ព្រះសីហនុ ៖ លោកវរសេនីយ៍ត្រី សួន គឹមសំ អធិការរងនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថានៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤និង៤០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៩-១៦០ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបុកជាមួយរថយន្ត។
លោកអធិការបន្តថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ស ស្លាកលេខ 3A-1740 ដឹកថ្ម ដែលមានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានវ៉ាជែងរថយន្តផ្សេងទៀត រួចបានបុកនឹងរថយន្ត១គ្រឿងទៀត ម៉ាក DEWOO ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A-8887 ដែលមានទិសដៅផ្ទុយគ្នា។
អ្នកបើករថយន្ត ទាំងសងខាង បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ គួរបញ្ជាក់ថា៖ មុននេះបន្តិចចន្លោះបង្គោលគីឡូម៉ែត្រ១៥៩-១៦០ ក្នុងឃុំតានៃ ទីកន្លែងក្បែរគ្នានេះ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើង រួចហើយ គឺរថយន្តដឹកបន្លែមកពីភ្នំពេញ បានក្រឡាប់នៅនោះវេលាម៉ោង៤។ លុះដល់ម៉ោង៤និង៤០នាទី ស្រាប់តែមានរថយន្ត២គ្រឿងបានបុកគ្នា នៅទីនោះម្តងទៀត៕