បាត់ដំបង ៖ រៀងរាល់៥ឆ្នាំម្តងនាថ្ងៃទី២២ ខែកុម្ភៈ គឺតែងតែមានការប្រារព្ធធ្វើទិវាជាតិបង្ការ ពន្លត់អគ្គីភ័យ នៅឯថ្នាក់ជាតិ ដោយឡែកនៅថ្នាក់ខេត្ត គឺត្រូវធ្វើនៅរៀងរាល់ឆ្នាំ ១ឆ្នាំម្តងក្នុងគោលបំណង បង្ការ និងទប់ស្កាត់រាល់គ្រោះអគ្គីភ័យដែលកើតមានឡើងជាយថាហេតុ ព្រមទាំងបង្ហាត់ បង្ហាញ អំពីរបៀបការពារ និងបង្ការ ពេលមានគ្រោះអគ្គិភ័យណាមួយកើតឡើងនៅតាមមូលដ្ឋាន ពិសេសលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។
ដូច្នេះហើយបានជានៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ គណបញ្ជាការ កងឯកភាពខេត្តបាត់ដំបង បានរៀបចំធ្វើពិធីនេះឡើង ដោយបានប្រារព្ធនៅចំណុច ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ក្បែខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃក្រោមអធិបតីភាព លោក ហឿង សុគន្ធ អភិបាលរង នៃអភិបាលខេត្ត បាត់ដំបង ហើយក៏មានការចូលរួម ពី លោកឧត្តមសេនីយ៍ ធុច រ៉ា ស្នងការរង ទទួលផែន គ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាន នគរបាលខេត្ត តំណាងអោយលោក ឧត្តមសេនីយ៍ ស្នងការ អ៊ុច សុខុន ព្រមទាំង មន្ត្រីរាជការនៅទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង សិស្សានុសិស្ស សរុបប្រមាណ ជាង ១ ២០០ នាក់ ។
បន្ទាប់ពីលោកអភិបាលរងខេត្ត បានអញ្ជើញមានប្រសាសន៍សំណេះសំណាលរួចមក លោកស្នងការរង ធុច រ៉ា ក៏បានឡើងអានរបាយការណ៍ ស្តីពីគ្រោះអគ្គីភ័យដែលបានកើតឡើងនាឆ្នាំ២០១៧ កន្លងមក ដែលភាគច្រើនគឺបណ្តាលមកពីការប្រើប្រាស់ចរន្តអគ្គីសនី និងតខុសបច្ចេកទ្ទេស ឬមិនបានផ្តាច់ចរន្តពេលម្ចាស់ផ្ទះមិននៅ ។
លោកស្នងការរង បានបន្ថែមថា ឆ្នាំ២០១៧ កន្លងទៅនេះ គឺគ្រោះអគ្គីភ័យ ដែលបានបង្កឡើងដោយចរន្តអគ្គីសនី មានចំនួន១៨ករណី ដែលបានបង្កអោយមានមនុស្សស្លាប់ចំនួន ១៥ នាក់ របួស ៣ នាក់ ឆេះបន្ទប់អន្តេវាសិកដ្ឋាននារី ១ បន្ទប់ ឆេះផ្ទះ ១៥ខ្នង ឆេះកុដិ ១ខ្នង ឆេះជង្រុកស្រូវ ១ ឆេះរោងម៉ាស៊ីនកិនស្រូវ១ ឆេះអគារមន្ទីរពេទ្យ១ អង្ករ ២៧ ការ៉ុង ស្រូវ៣ ការ៉ុង ឆេះប្រាក់ថៃ ចំនួន ៣៦៤ ០០០ បាត ប្រាក់ខ្មែរ ចំនួន ៤ លានរៀល ប្រាក់ដុល្លារ ចំនួន ៦ ២០០ ដុល្លារ និងសម្ភារៈផ្សេងៗ បើគិតជាទឹកប្រាក់ អស់ប្រមាណ ៨៦ ១០០ ០០០ រៀល ។ ក្រៅពីអគ្គីសនី ក៏មានគ្រោះអគ្គិភ័យផ្សេងៗទៀតផងដែរ ដែលលេចចេញជាកត្តាជាច្រើនដូចជា ការធ្វេសប្រហែសអុជទៀន ធូប ដុតជញ្ជ្រាំងស្រូវ ដុតភ្នក់ភ្លើង ចង្ក្រានមិនពន្លត់ ប្រើកំប៉ុងហ្គាសចាស់ៗ ។ល។ មានចំនួន១០ករណីបន្ថែមទៀត ។ បើសរុបគ្រោះអគ្គីភ័យដែលបានកើតឡើងនាឆ្នាំ២០១៧មានចំនួន ៣៤លើក គ្រោះថ្នាក់ដោយឆក់ខ្សែភ្លើងមានចំនួន ១៦លើក ស្លាប់មនុស្សចំនួន ១៧នាក់ របួស ៧នាក់ ឆេះផ្ទះ ២៤ខ្នង អគារមន្ទីរពេទ្យ ១ខ្នង រោងម៉ាស៊ីនកិនស្រូវ១ខ្នង កុដិលោក ១ខ្នង និងសម្ភារៈផ្សេងៗ បើសរុបជាទឹកប្រាក់មានចំនួន២៦២៩០០០០០រៀលឯគ្រោះធម្មជាតិ បានកើតឡើងចំនួន ១៨លើក មានមនុស្សស្លាប់ ១៣នាក់និងរបួស ចំនួន៥នាក់ ។ ជាលទ្ធផល បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦គឺមានការថយចុះចំនួន ២៥% ។
ជាចុងក្រោយក៏មានការបង្ហាញពីសកម្មភាពជាក់ស្តែង ក្នុងការបង្ការ ពន្លត់ និងសង្គ្រោះដោយបានប្រើប្រាស់កំលាំងនគរបាលស្ត្រី ក្នុងការបង្ហាញពី លំហាត់ របៀប នៃការពន្លត់ភ្លើង ដើម្បីអោយស្ត្រីៗទាំងអស់បានយល់ព្រោះភាគច្រើនស្ត្រីគឺជាមេផ្ទះដែលប្រឈមទៅនឹងភ្លើងចង្ក្រានបាយ ។ គួរបញ្ជាក់ដែរថា ក្នុងការរៀបចំប្រារព្ធពិធីនេះដែរ ក៏មានការផ្តួចផ្តើម ជ្រោមជ្រែងជាថវិការ ពីសំណាក់លោក អភិបាល ខេត្ត ងួន រតនៈ និងលោកស្នងការ អ៊ុច សុខុន ផងដែរ ៕